Friday, May 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន ម៉ាណែត៖ មិនមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងឱ្យក្រុមហ៊ុនឯកជនឡើយ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំសូមបញ្ជាក់ មកដល់ម៉ោងនេះ គ្មានការលក់ដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅឱ្យឯកជននោះឡើយ”។

ក្នុងឱកាសអបអរសាទរខួបទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅថ្ងៃទី១៦ ឧសភា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង យកមកបង្ហាញសម្ដេច។ សម្ដេចធិបតី បញ្ជាក់ថា ទាំងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចផ្ទាល់ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលបានអនុញ្ញាតឱ្យមានការផ្ទេរទៅឱ្យឯកជន ឬ លក់ទៅឱ្យឯកជននោះឡើយ ។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ព្រលានយន្តហោះនេះនឹងមិនលក់ឱ្យឯកជនណាឡើយ ព្រោះជាទីតាំងប្រវត្តិសាស្រ្ដដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ។

ប្រមុខរដ្ឋាភិបាលឱ្យក្រុមអ្នករិះគន់បង្ហាញឯកសារទាក់ទងនឹងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជន។ សម្តេចបញ្ជាក់ថា លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅតែជាស្ថាប័នគ្រប់គ្រង ហើយក្រុមហ៊ុន CSA ដែលជាដៃគូឯកជននឹងបន្តការងារនៅព្រលានថ្មី ហើយទ្រព្យសម្បត្តិនៅព្រលានចាស់ ត្រូវបានការពារយ៉ាងម៉ត់ចត់ ហើយនឹងត្រូវបានប្រើប្រាស់សម្រាប់ការចុះចតបន្ទាន់ (Emergency Landing) ជាពិសេសឧទ្ធម្ភាគចក្រ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×