កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង ២០០០នាក់ រួមជាមួយយុទ្ធោបករណ៍យោធាទំនើបៗ ធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលនេះជាសមយុទ្ធនាគមាស លើកទី៧នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ។
សមយុទ្ធនាគមាសនេះ គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម
សមយុទ្ធនាគមាសឆ្នាំនេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះដែរ ដើម្បីធានាឱ្យដំណើរការនៃការបើកសមយុទ្ធនាគមាស ប្រព្រឹត្តដោយរលូន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពបណ្ដាប្រទេសជាមិត្ត និងចាត់តាំងសមយុទ្ធនានាក្នុងកងយោធពលខេមរភូមិន្ទ រួមជាមួយឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន និងក្រុមការងារជំនាញភាគីកងទ័ពប្រទេសទាំងពីរជាច្រើនរូប បានអញ្ជើញចុះទៅពិនិត្យមើលការប្រុងប្រៀបរៀបចំ មុនពិធីបើកប្រតិបត្តិការសមយុទ្ធរួមគ្នាលើដីគោក និងអាកាស ដែលគ្រោងនឹងធ្វើពិធីបើកប្រតិបត្តិការសមយុទ្ធជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
ខណៈពិធីបើកសមយុទ្ធជាផ្លូវការនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នៅឯទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បើតាមឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វិន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីកងទ័ពកម្ពុជា បានបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធរួមគ្នា កម្ពុជា-ចិន លើកទី៧ លើដីគោក និងអាកាស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៨ ខែឧសភា ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ រីឯសមយុទ្ធកងទ័ពជើងទឹក និងអាកាសកម្ពុជា-ចិន និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ, បើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ច្បាស់ថា សម្រាប់ឆ្នាំនេះ ប្រតិបត្តិការសមយុទ្ធមិត្តភាពកម្ពុជា-ចិន មានកម្លាំងកងទ័ពភាគីប្រទេសទាំងពីរចូលរួមក្នុងសមយុទ្ធនេះ មានរហូតដល់ទៅជាង ២,០០០នាក់ ។ ក្នុងនោះភាគីកងទ័ពរំដោះប្រជាជនចិន មានរហូត ៨៤៥នាក់ឯណោះ។ ដោយឡែកសពា្វវុធ និងគ្រឿងបំពាក់យុទ្ធោបករណ៍សម្រាប់បម្រើឱ្យសកម្មភាពប្រតិបត្តិការសមយុទ្ធវិញ ភាគីកងទ័ពកម្ពុជា ប្រើប្រាស់កាំភ្លើងធំ, កាំភ្លើងត្បាល់, រថពាសដែក, រថយន្តសង្គ្រោះ, រថយន្តដឹកជញ្ជូនទ័ពចល័ត, នាវាល្បាតលើលំហសមុទ្រ, ឧត្ថម្ភាគចក្រ និងអាវុធធុនធ្ងន់ ធនស្រាលមួយចំនួនធំទៀត។
រីឯភាគីកងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់កាំភ្លើងធំប្រតិកម្មចល័តលើរថយន្ត, កាំភ្លើងក្បាល, យន្តយុទ្ធកង់កៅស៊ូ, រថពាសដែកកង់ច្រវ៉ាក់, រថយន្តដឹកនាំបញ្ជា ស៊ី៥ (C5), គ្រឿងយន្តគ្មានមនុស្សបើក, មនុស្សយន្តប្រភេទវះកាត់, ឆ្កែយន្ត, ឧត្ថម្ភាគចក្រ, នាវាចម្បាំង, នាវាបុកឡើងគោក, ដ្រូនស៊ើបការ, ដ្រូនវាយលុក, អាវុធធុនធ្ងន់ ធុនស្រាល និងបរិក្ខារស៊ើបការណ៍, បរិក្ខារសុខាភិបាលវេជ្ជសាស្ត្រ, សម្ភារៈបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនធំទៀត។
តាមរយៈការធ្វើសមយុទ្ធរួមគ្នា នាគមាសប្រចាំឆ្នាំកម្ពុជា-ចិន លើកទី៧ នេះផងដែរ ក៏ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរឡើងពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ព ដើម្បីទប់ទល់ទៅហ្នឹងបញ្ហាប្រឈមនានានៅក្នុងតំបន់ និងនៅលើសកលលោក។
ក្នុងឱកាសចុះពិនិត្យការប្រុងប្រៀបរៀបចំ ពិធីបើកសមយុទ្ធជាផ្លូវការនាពេលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរម្លឹកដល់ក្រុមការងារ និងកម្លាំងប្រតិបត្តិការសមយុទ្ធកងទ័ពប្រទេសទាំងពីរ ដែលចូលរួមក្នុងសមយុទ្ធ ត្រូវសហការគ្នារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការបំពេញកិច្ចការសមយុទ្ធនេះឱ្យប្រព្រឹត្តិទៅដោយរលូន និងទទួល។
តាមរយៈនៃបទពិសោធន៍ដែលកងទ័ពប្រទេសទាំងពីរ ធ្លាប់បានធ្វើជាច្រើនលើកច្រើនសារមកហើយនោះ នាយឧត្តមសេនីយ៍ សង្ឃឹមថា ប្រតិបត្តិការសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ២០២៥ និងប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈ និងទទួលបានជោគជ័យតាមការគ្រោងទុក៕រក្សាសិទ្ធដោយ៖សុទ្ធលី



























