សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ។ រាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ គឺសម្តេចតាមដានការអនុវត្តន៍ច្បាប់ដោយផ្ទាល់។
នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ដោយមានជាតិស្រវឹង ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់បំផុត។ បើតាមសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ សូមឱ្យបងប្អូនជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា! ករណីបុកមនុស្សស្លាប់ហើយមានជាតិស្រវឹង គឺមិនអាចបង់លុយរួចខ្លួននោះទេ ដោយយើងអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ត្រូវតែមាន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលគឺនៅតែបន្តរឹតបន្តឹងការអនុវត្តច្បាប់នៅកម្ពុជា ដោយមិនមានការលើកលែង ឬការយោគយល់នោះឡើយ។ សម្ដេចធិបតីក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមឈប់បារម្ភ ឈប់ព្រួយ ឈប់បង្ហាញនូវការមិនទុកចិត្តចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដូចជាគ្រោះថ្នាក់ចរាចរណ៍កន្លងមកជាដើម គឺជនបង្កត្រូវបានអនុវត្តតាមនីតិវិធីរបស់ច្បាប់ ដោយផ្ដល់សំណងដល់ជនរងគ្រោះហើយ ត្រូវទទួលទោសទណ្ឌទៅតាមច្បាប់កំណត់ថែមទៀត គឺមិនមានករណីរួចខ្លួន ឬ លើកលែងនោះឡើយ។
សម្ដេចធិបតី បានថ្លែងបន្ថែមទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ គឺសម្ដេចតាមដានការអ នុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញជាប់ជាប្រចាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា យុត្តិធម៌សង្គម ត្រូវមាន សម្រាប់ទាំងអស់គ្នា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបងប្អូនជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ខណៈរឿងបុកមនុស្សស្លាប់ហើយមានជាតិស្រវឹង គឺមិនអាចបង់លុយរួចខ្លួននោះទេ ដោយយើងអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ ត្រូវតែមាន ។
សម្តេចធិបតី មានប្រសាសន៍«សូមបងប្អូនជឿទុកចិត្ត មកលើប្រព័ន្ធច្បាប់របស់យើង ហើយយើងនឹងអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដូចជា ករណីដែលធ្លាប់កើតឡើងនៅពេលកន្លងទៅ ។ សំណងជូនជនរងគ្រោះត្រូវតែដោះស្រាយ តែមិនមែនបង់លុយហើយត្រូវរួចខ្លួននោះទេ ក្នុងករណីស្រវឹងបើកបុកគេស្លាប់ ទោះក្នុងហេតុផល ឬមូលហេតុណាក៏ដោយ»។
សម្ដេចបញ្ជាក់ថា រាល់ការបុកមនុស្សស្លាប់ដោយមានគ្រឿងស្រវឹង គឺត្រូវអនុវត្តច្បាប់។ សម្ដេច ថា ឯកឧត្តម កើត រិទ្ធ ក៏បានបញ្ជាក់ថា ករណីនេះ មិនមែនត្រឹមតែសងលុយរួចខ្លួននោះទេ ឱ្យតែអ្នកមានជាតិស្រវឹងបុកគេស្លាប់ ។ យើងបានអនុវត្តនាពេលកន្លងទៅរួចហើយដូចជា ករណីមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុ បុកមនុស្សស្លាប់ គឺមិនទាន់មានការលែងនោះទេ គឺត្រូវតែមានការទទួលខុសត្រូវ ។
សម្ដេចធិបតី បានលើកឡើងថា ជាការពិតណាស់ គ្មានអ្នកណាចង់បង្កហេតុនោះទេ ក៏ប៉ុន្តែសកម្មភាពអង្គហេតុបានកើតឡើង ។ ការធ្វេសប្រហែស បានធ្វើឱ្យបាត់បង់នូវអនាគតរបស់គ្រួសារមួយ ជីវិតមនុស្សមួយ ។ ចឹងកិច្ចការងារនេះ ត្រូវអនុវត្តគោលការណ៍នេះ តែប្រជាពលរដ្ឋ ហាក់បីដូចជា មិនទាន់មានភាពច្បាស់លាស់ ដោយសារតែតាមនីតិវិធីម្សិលមិញនេះ គេឃាត់ខ្លួន ហើយនគរបាល ត្រូវទុកមួយរយៈ ដើម្បីធ្វើការស្រាវជ្រាវមិនឱ្យលើសពី ៤៨ម៉ោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
សម្ដេចបន្ថែមថា មានប្រជាពលរដ្ឋជាច្រើន គាត់មានបារម្ភខ្លាចថា អ្នកផ្សេងអនុវត្តច្បាប់ ដល់មន្ត្រីនគរបាល គឺអត់អនុវត្តច្បាប់ ។ សម្ដេច សូមបញ្ជាក់គោលការណ៍ថា រាជរដ្ឋាភិបាល គឺច្បាស់លាស់ណាស់ ហើយព្រឹកមិញ ស្នងការនគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនជនបង្ក ទៅតុលាការរួចរាល់ហើយ ហើយកិច្ចការងារនេះ សូមបងប្អូនជឿទុកចិត្ត មិនខុសពីរឿងស្រវឹងបុកគេស្លាប់នៅស្ពាននោះទេ គឺត្រូវទទួលខុសត្រូវមិនអាចរួចខ្លួនបានទេ មិនថា ជាមន្ត្រីនគរបាល ឬក៏មន្ត្រីជាន់ខ្ពស់ណាទេ ។ រឿងសងថវិកាទៅដល់ជនរងគ្រោះ គឺជារឿងមួយ ក៏ប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវតែទទួលខុសត្រូវ ។ សូមបងប្អូនជឿទុកចិត្តមកលើប្រព័ន្ធច្បាប់របស់រាជរដ្ឋាភិបាល យើងបានដាក់បទបញ្ជាច្បាស់លាស់ហើយ ជាពិសេសទាក់ទងបុកស្លាប់គឺនាយករដ្ឋមន្ត្រី តាមផ្ទាល់តែម្ដង ។ យុត្តិធម៌សង្គម ត្រូវអនុវត្តច្បាប់ទាំងអ្នកស្លាប់ ទាំងអ្នកបង្ករបួសស្នាម សុទ្ធតែគ្មានចេតនាបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងទេ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ច្បាប់ គឺច្បាប់ យើងត្រូវអនុវត្តច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ។ ប្រសិនបើមិនមានការបញ្ជាក់ច្បាស់លាស់ទេ វាអាចធ្វើឱ្យរឿងនេះនៅតែវិលវល់៕រក្សាសិទ្ធដោយ៖សុទ្ធលី






















