Saturday, May 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ វង្ស ពិសេន គូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងកងទ័ពចិន ដែលបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ

កំពង់ឆ្នាំង៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ បានប្រារព្ធបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២ពាន់នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗផងដែរ។

ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សមយុទ្ធនាគមាសលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ “នេះជាលើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន”

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងកងទ័ពចិន ដែលបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ ខណៈការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរនេះ មិនមែនជាលើកដំបូង ហើយក៏មិនមែនជាលើកចុងក្រោយនោះដែរ ហើយពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានពង្រីកទំហំកាន់តែធំ ទាំងខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន, យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា សមយុទ្ធនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួលកិច្ចសហការចម្រុះ និងបន្តនិរន្តរភាពក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ និងលើកកម្ពស់សមត្ថភាព លទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការងារមនុស្សធម៌។ សមយុទ្ធនេះ ក៏នឹងផ្ដល់សារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពប្រទេសទាំងពីរ ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនការយល់ដឹងពីការបញ្ញាចម្រុះ នីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ ។

ម្យ៉ាងវិញទៀត សមយុទ្ធនេះ បានធ្វើឱ្យកងទ័ពទាំងពីរពង្រឹងបានទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ-អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុ។

នៅចំពោះមុខឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន និងភ្ញៀវជាតិ អន្តរជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរអរគុណកងទ័ពរំដោះប្រជាជនចិន ដែលបានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅវិទ្យាស្ថាននាយទាហានចម្រុះ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ ទីបញ្ជាការមូលដ្ឋានសមុទ្ររាម អាវុធធុនធ្ងន់ និងកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើបកម្រិតអន្តរជាតិ នៅភ្នំជុំសែនរីករាយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការ សមយុទ្ធនាគមាសឆ្នាំ២០២៥ន បានចែកចេញជា២ផ្នែក ទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រកាសបើក «សមយុទ្ធនាគមាស-២០២៥» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ចាប់ពីពេលនេះតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×