ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ការិយាល័យអនុវត្តដីការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនឈ្មោះ ថៃ ណារៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅចំណុចសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណី ឆបោក (ជួលរថយន្តហើយយកទៅលក់)។
បន្ទាប់ពីសួរនាំឈ្មោះ ថៃ ណារៈ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកមានឈ្មោះ TRAN THANH HAI ជនជាតិវៀតណាម ,ឈ្មោះ NGNYEN HA DUONG ជនជាតិវៀតណាម ,ឈ្មោះ NGUYEN THANH CONG ជនជាតិវៀតណាម ,ឈ្មោះ NGUYEN LAM BINH MINH ជនជាតិវៀតណាម ,ឈ្មោះ វ៉ាន់ សុរ៉ាវីន ,ឈ្មោះ សុខ វិបុល ហៅ (ភីជី) និងឈ្មោះ វ៉ាន់ ម៉ូលីកា ពិតជាបានរៀបចំគម្រោងជួលរថយន្តហើយលួចយកទៅលក់ប្រាកដមែន។
ខ្លួននិងបក្ខពួករៀបចំគម្រោងជួលរថយន្តហើយយកទៅលកបានសម្រេចចំនួន០៦លើក បានរថយន្ត០៦គ្រឿង មានដូចជា៖ TOYOTA PRIUS 010 ចំនួន០១គ្រឿង ,FORD RANGER RAPTOR 023 ចំនួន០២គ្រឿង ,TOYOTA RALLY 019 ចំនួន០១គ្រឿង ,LAND CRUISER 09 ចំនួន០១គ្រឿង និង FORD RANGER RAPTOR 021 ចំនួន០១គ្រឿង។
ក្រោយពីទទួលបានចម្លើយសារភាពឈ្មោះ ថៃ ណារៈ រួចរាល់កម្លាំងជំនាញបានបន្ដស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ TRAN THANH HAI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង០០នាទី នៅចំណុចបណ្ដោយផ្លូវជាតិ០១ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីនាំខ្លួនមកសាកសួរនៅនាយកដ្ឋានគរបាលព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
