Saturday, May 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស

នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ សមិទ្ធផលទាំងអស់នេះក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល និងរីកដុះដាលដោយសមិទ្ធផលសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
ការកសាងសមិទ្ធផលនានាគឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ និងបានឆ្លុះបញ្ចាំងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបន្តអភិវឌ្ឍទៅមុខជានិច្ច ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំថ្នាក់ដឹកនាំខេត្ត និងគ្រូនៅខេត្តពោធិ៍សាត់ ពង្រឹងអភិបាលកិច្ចសាលារៀន និង អភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និង ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និង អន្តរជាតិ ដែលបាន និង កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សតាមរយៈការអនុវត្ត ស្តង់ដាសាលារៀនគំរូ, សាលារៀនគោលដៅ គ.វ.អ និង ការធានាបាននូវ សេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌, បរិយាបន្ន ព្រមទាំងលើកកម្ពស់ ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរិះរកវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្រ្តវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្ស​អភិ​វឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណាការដោះស្រាយ​បញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និង អនុវត្តចំណេះដឹងវិទ្យាសាស្ត្រ​ក្នុងជីវិតប្រចាំថ្ងៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការរៀនសូត្រពេញ​មួយជីវិត និងការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួចផ្ដើម ដែលលើកកម្ពស់​ឱកាសសិក្សាពេញមួយជីវិត សម្រាប់មនុស្សពេញវ័យ ក្នុងការទទួល​បាន ឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និងសម្រប​ខ្លួននៅក្នុងកម្លាំងការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តកែទម្រង់គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឈិ គ្រូបង្រៀនចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀនឱ្យស្របតាមស្ដង់ដា វិជ្ជាជីវៈ គ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំ​បាច់ ស្របតាមតម្រូវការក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការ​អប់រំឌីជីថល។ គ្រូបង្រៀនគឺជាបេះដូង នៃប្រព័ន្ធអប់រំ, ដូច្នេះតាមរយៈ​ការ​ពង្រឹង​ជំនាញរបស់គ្រូបង្រៀន ដើម្បីធានាបាននូវការអប់រំ ប្រកបដោយ​គុណភាព និង ភាពច្នៃប្រឌិតថ្មី និងការផ្សារភ្ជាប់គំនិតច្នៃបង្កើត ទាំងនោះ ទៅនឹងជីវភាពជាក់ស្តែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់បន្តធ្វើ​សមាហរណកម្ម វិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សា​គ្រប់​កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីន​ធើ​ណិត នៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឈ និង សមត្ថភាពឌីជី​ថល​ដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និងរៀន, កែលម្អមាតិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តលើកកម្ពស់សុខភាព​អនាម័យនៅតាមគ្រឹះស្ថានសិក្សា និងត្រៀមវិធានការឆ្លើយតប និងចូល​រួម​ទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា,សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធ សុខភាព ដូចជា៖ រៀប​ចំបន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង សាលារៀនស្អាត​គ្មាន​​សំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ ការ​ដោះស្រាយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្សនៅ​ក្នុង​សាលារៀន រួមបញ្ចូលទាំងកម្មវិធីអប់រំ, សុខភាព ផ្លូវចិត្ត និងសុខុ​មាល​ភាពនៅក្នុងសាលារៀន។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាព ដែលចិញ្ចឹមទាំងការសិក្សា និងការលូតលាស់ផ្លូវចិត្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×