សាធារណជនបានមើលឃើញ និងចងចាំច្បាស់ហើយថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាឱឡារិករួចមកហើយ គ្រប់មន្ត្រីរាជការ ទាំងកងកម្លាំង និងមន្ត្រីស៊ីវិល ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯង ប្រតិបត្តិការងារឱ្យបានជាឧត្តមប្រយោជន៍ជូនដល់សង្គមជាតិ និងប្រជាពលរដ្ឋ , បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ សមធម៌ ប្រកបដោយសីលធម៌វិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់ មិនមែនប្រើពាក្យសម្ដីអសុរោះ ឥរិយាបថមើលងាយប្រមាថអ្នកដទៃ យកតួនាទី បុណ្យស័ក្ដិ ទៅគំរាមកំហែងប្រជាពលរដ្ឋនោះទេ បើមិនកែប្រែ នឹងត្រូវអស់ តួនាទី បុណ្យស័ក្ដិ មុខតំណែងហើយ ព្រោះនេះជា អាណត្តិរាជរដ្ឋាភិបាលវះកាត់, ទន្ទឹមគ្នានេះដែរ មានស្ត្រីជាភរិយាមួយរូប កំពុងទទួលរងនូវការគំរាមកំហែង បាញ់សម្លាប់ទាំងម្ដាយ និងកូនស្រីតូច ពីសំណាក់លោកប្ដី ឈ្មោះ ប៉ែន រ៉ាលីន មានឋាន: ជា វរសេនីយ៍ទោ មន្ត្រីយោធាក្រសួងការពារជាតិ បានសំណូមពរដល់ក្រសួងការពារជាតិ មេត្តាធ្វើចំណាត់ការ ដាក់វិន័យទណ្ឌកម្មលើជននេះផង។
ស្ដីពីចំណាត់ការរបស់នាយករដ្ឋមន្ត្រីវិញ ការដាស់តឿនបែបនេះ ដោយសារកន្លងមក ឃើញមានមន្ត្រីយោធា មន្ត្រីនគរបាល ឬមន្ត្រីកងកម្លាំងប្រដាប់អាវុធផ្សេងៗ ក៏ដូចជាមន្ត្រីរាជការស៊ីវិលមួយចំនួន តែងតែយកតួនាទី បុណ្យស័ក្ដិ មុខតំណែងរបស់ខ្លួន ទៅដាក់សម្ពាធលើប្រជាពលរដ្ឋស្លូតត្រង់ គំរាម ជំរិត ទារកផលប្រយោជន៍ផ្សេងៗ និងក៏មានមន្ត្រីខ្លះ ដើរបង្ករឿង ឈ្លោះទាស់ទែង ជាមួយអ្នកទន់ខ្សោយ ប៉ុន្តែត្រូវបានក្រសួង-ស្ថាប័នសាមី ធ្វើការដាក់វិន័យទណ្ឌកម្ម និងបើកផ្លូវដល់តុលាការធ្វើនីតិវិធីតាមផ្លូវច្បាប់, ថ្មីៗនេះ សាធារណជន បានឃើញច្បាស់ក្រសួងមហាផ្ទៃ អនុវត្តគោលការណ៍តឹងរ៉ឹង ម៉ឺងម៉ាត់ បានល្អ ទៅលើមន្ត្រីនគរបាល ដែលប្រព្រឹត្តខុសបទវិន័យកងកម្លាំង នឹងត្រូវបានដាក់ទោសអូសដំណើរតាមផ្លូវច្បាប់ ដូចជា ផ្អាកការងារជាបណ្ដោះអាសន្ន, បញ្ឈរជើង បកស័ក្ដិ ទម្លាក់ឋាន: តួនាទី មុខងារ និងបើកផ្លូវដល់តុលាការធ្វើនីតិវិធីតាមផ្លូវច្បាប់ទៀតផង, ដោយឡែក ងាកមកក្រសួងការពារជាតិ វិញ លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មុខងារជាមន្ត្រីជំនួយការ នៅនាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ ក្រសួងការពារជាតិ ត្រូវបានភរិយា ចោទថា ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត គំរាមសម្លាប់ ភរិយា និងកូនស្រីតូច រួចហើយរត់ទៅអាមេរិក ព្រោះខ្លួនមានសញ្ជាតិអាមេរិកស្រាប់ មិនទាន់ឃើញមានដាក់វិន័យកងកម្លាំងផ្អាកការងារ ដើម្បីបើកផ្លូវដល់តុលាការធ្វើនីតិវិធីនៅឡើយទេ។
ដើម្បីជាតឹកតាង បង្ហាញក្រសួង-ស្ថាប័ន និងសាធារណជន ឱ្យកាន់តែច្បាស់, CEN សូមលើកយកគោលការណ៍ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ មកបញ្ជាក់ជូន ដែលក្រសួងបានចាត់ការទៅលើមន្ត្រីនគរបាលខិលខូចមួយចំនួនដូចខាងក្រោម ÷
- មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ៤នាក់ ដែលអនុវត្តកាយវិការឆ្គាំឆ្គង នៅគោលដៅស្តុបផ្សារដេប៉ូ ពួនស្ទាក់ ស្ទុះចេញមកឃាត់ម៉ូតូ ត្រូវបានអគ្គស្នងការនគរបាលបញ្ឈរជើង រង់ចាំការដាក់វិន័យកងកម្លាំង។
- លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីពាក់ព័ន្ធនឹងការខ្ចីលុយស្រ្តី បែរជាមានគំនិតខូច រៀបល្បិចធ្វើបាបគេ ប្ដឹងម្ចាស់លុយវិញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន រួចហើយបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ និងបន្ទាប់មកត្រូវបានចៅក្រមសម្រេចឃុំខ្លួន រង់ចាំដល់អង្គសេចក្ដី។
- លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តអំពើពុករលួយ គាបសង្កត់យកលុយពីរនាក់រកស៊ីអាជីវករ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ
ដកហូតមុខតំណែង ទម្លាក់មកជា មន្ដ្រីធម្មតា ។ - លោកផ្កាយ២ សុខ ប៊ុនធៀង ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
- មន្ត្រីនគរបាល ២នាក់ :
១- លោក វរសេនីយ៍ទោ ផាង ប៉ែត អត្ថលេខ ៦៧៤០២ មានតួនាទី អធិការនគរបាល ស្រុកកូនមុំ ។
២- លោក វរសេនីយ៍ត្រី អ៉ិត សឿង អត្តលេខ ៥៧០០៩ អធិការរងនគរបាល ស្រុកកូនមុំ , ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាស ស្ដីពីការអនុវត្តទណ្ឌកម្មវិន័យ ផ្អាកការងារបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឱ្យតុលាការធ្វើនីតិវិធី។
នៅមានមន្ត្រីមួយចំនួនទៀត ដែល CEN លើកយកមកបង្ហាញមិនអស់ សូមអធ្យាស្រ័យ, អ៊ីចឹងទេ ចំពោះលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មន្ត្រីយោធា ក្រោមឱវាទក្រសួងការពារជាតិ ត្រូវបានភរិយា ចោទថា ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត គំរាមសម្លាប់ ភរិយា និងកូនស្រីតូច រួចហើយរត់ទៅអាមេរិក មានឯកសារភស្តុតាង និងរូបភាពវីដេអូ ដៃកាន់អាវុធ គំរាមភរិយាទៀតផង តើក្រសួងការពារជាតិ មានបានធ្វើចំណាត់ការ ដាក់វិន័យទណ្ឌកម្ម ទៅលើមន្ត្រីយោធារូបនេះហើយឬនៅ ?! ព្រោះថា បើ ក្រសួងការពារជាតិ ដាក់វិន័យទណ្ឌកម្មផ្អាកការងារជាបណ្ដោះអាសន្ន ទៅលើ វរសេនីយ៍ទោ ប៉ែន រ៉ាលីន គឺងាយស្រួលខាងតុលាការ ធ្វើនីតិវិធីផ្លូវច្បាប់ដោយមិនមានហានិភ័យ មិនព្រួយបារម្ភពីការគំរាមកំហែង។ ម្យ៉ាងទៀត នៅម៉ោងនេះ ពេលនេះដែរ គឺភរិយាដែលកំពុងស្ថិតក្នុងការលែងលះជាមួយលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ដែលរងនូវការគំរាមកំហែងបាញ់សម្លាប់ជាមួយនឹងកូនស្រីតូចពីសំណាក់ លោក ប៉ែន រ៉ាលីន ផ្ទាល់នោះ កំពុងមានការពិតភ័យ ព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពរបស់ខ្លួនពន់ពេកប្រមាណ។
ដោយសារការគំរាមបាញ់សម្លាប់ភរិយា និងកូនស្រីតូច រួចហើយរត់ទៅរស់នៅអាមេរិកនោះ ភរិយារូបនេះ បានដាក់ពាក្យបណ្ដឹង លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ទៅសាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងត្រូវបានតុលាការ ដំណើរការនីតិវិធី សំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥, ហើយភរិយាដែលកំពុងរងការភិតភ័យនេះ សំណូមពរដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ មេត្តាពិនិត្យដាក់វិន័យទណ្ឌកម្មលើ លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ផង ដូចជា ផ្អាកតួនាទីការងារជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវដល់ដំណើរការនីតិវិធីរឿងក្ដី ចៀសផុតបានមិនមានការគំរាមកំហែងពីជននេះ, និងថែមទាំងបានសំណូមពរយ៉ាងទទូចដល់ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ , លោកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ដែលកាន់សំណុំរឿងនេះ គឺសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សូមជួយពិនិត្យ ពិច័យ ពិចារណា ឱ្យបានល្អិតល្អន់ ធ្វើយ៉ាងណាអនុវត្តនីតិវិធីទៅលើ បុគ្គល ប៉ែន រ៉ាលីន ជនជាប់បណ្ដឹងពីបទ ” គំរាមបាញ់សម្លាប់ប្រពន្ធ និងកូនស្រីតូច , អំពើហិង្សាផ្លូវចិត្ត ធ្វើទុក្ខបុកម្នេញ និងបិទផ្លូវសេដ្ឋកិច្ច , កំហែងយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ” ឱ្យបានតឹងរ៉ឹងផង។
ស្ត្រីជាភរិយា បញ្ជាក់ថា បានជារូបខ្លួន ប្ដឹងលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មន្ត្រីយោធានៃក្រសួងការពារជាតិម្នាក់នេះ ពីបទ ” គំរាមបាញ់សម្លាប់ , អំពើហិង្សាផ្សេងៗ , ធ្វើទុក្ខបុកម្នេញ , កំហែងយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ” នោះ គឺដោយសារជននេះ ធ្លាប់បានស្ដែងចេញអំពើលោភលន់របស់ខ្លួន គំរាមកំហែង ប្រព្រឹត្តច្រើនលើក ច្រើនសា រួចមកហើយ ដូចជា បង្ខំឱ្យភរិយាបើកមុខរបរ ហាងលក់គ្រឿងអលង្ការមាស-ពេជ្រ មួយកន្លែង , ទិញរថយន្តម៉ាក រែងរ៉ូវើរ ស៊េរីទំនើបឱ្យខ្លួន , ប្រើហិង្សាពាក្យសម្ដី សម្លុត គំរាម និងធ្វើទុក្ខបុកម្នេញ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបិទផ្លូវសេដ្ឋកិច្ច , ហើយនៅពេលភរិយា ធ្វើមិនបានដូចចិត្ត ជននេះតែងតែរករឿង ឈ្លោះទាស់ទែង និងឈានទៅដល់គំរាមកំហែងបាញ់សម្លាប់ទៀតផង, ដូច្នេះហើយ សូមថ្នាក់ដឹកនាំក្រសួងការពារជាតិ មេត្តាពិនិត្យមើលការដាក់វិន័យទណ្ឌកម្ម ទៅលើលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ឱ្យបានតឹងរ៉ឹងផង ដូចជា ផ្អាក តួនាទី ការងារ ជាបណ្ដោះអាសន្ន ជាដើម ដើម្បីសន្តិសុខសុវត្ថិភាពដល់នាងខ្ញុំ។
ស្ត្រីជាភរិយា ក៏បានសំណូមពរយ៉ាងទទូចផងដែរ ដល់ថ្នាក់ដឹកនាំតុលាការ ជាពិសេស លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ , លោកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ដែលកាន់សំណុំរឿងនេះ គឺសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សូមមេត្តាធ្វើនីតិវិធីប្រកបដោយសុភវិនិច្ឆ័យ ផ្អែកលើភស្តុតាង លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ដៃកាន់កាំភ្លើង គំរាមបាញ់សម្លាប់នាងខ្ញុំ ឱ្យបានម៉ឺងម៉ាត់ផង៕ រក្សាសិទ្ធដោយ៖CEN

















