Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ

កំពង់ធំ ៖ ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ នេះបើតាមការចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៨ខែឧសភានេះ។

ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នាឱកាសចុះជួបសំណេះសំណាលដោយផ្ទាល់នៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។

គូសរំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រមទាំងអ្នកទទួលផលដោយប្រយោល សរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុង១ថ្ងៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×