Monday, May 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារនៃយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងត្រូវបានដាក់បង្ហាញ ផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារនៅលើ facebook ផ្លូវការនាថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត មានគុណភាពសម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការអនុវត្តយុទ្ធនាការនៅទូទាំងប្រទេសកំពុងមានសន្ទុះ ដោយក្នុងនោះមានការចូលរួមក្នុងសកម្មភាពយុទ្ធនាការពីសំណាក់ប្រជាពលរដ្ឋ មានបងប្អូន ពូមីងជាអាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្សនិស្សិត អ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គម ច្រើនឡើងៗ ក្នុងការប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ និងឈានទៅលុបបំបាត់ឱ្យបានការសាយភាយនូវព័ត៌មានក្លែងក្លាយ ហើយលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តមបានលើកឡើងថា សារនៃយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងត្រូវបានដាក់បង្ហាញ ផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ ក្នុងរាជធានីភ្នំពេញ ទីតាំងនានាក្នុងទីរួមខេត្តសៀមរាប នៅរង្វង់មូលគ្រួសារដំរី រមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងនៅតាមទីសាធារណផ្សេងៗទៀតតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ និងដើម្បីបន្តផ្តល់បរិយាកាសអំណោយផលល្អ ប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការបន្តអភិវឌ្ឍន៍លើគ្រប់វិស័យសម្រាប់ពលរដ្ឋគ្រប់គ្នា និងជាតិទាំងមូល។
យើងរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×