ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី





