ភ្នំពេញ៖ កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម ដែលមានសមត្ថភាព និងដែលអាចតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតថ្នាក់តំបន់ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ។
ពិធីប្រគល់ពានរង្វាន់កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ “Cambodia National Cybersecurity Competition 2025” បានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា នាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា (CADT) ក្រោមវត្តមានឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គោលដៅដើម្បីជំរុញការយល់ដឹង និងពង្រឹងសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់មូលធន ឌីជីថល នៅក្នុងវិស័យសន្តិសុខសាយប័រ ក្នុងប្រទេសកម្ពុជា និងក្នុង តំបន់។
តាមរយៈលទ្ធផលនៃការប្រកួតប្រជែង បេក្ខជនចំនួន ៥រូប ត្រូវ បានប្រកាសជាប់ជា ជ័យលាភី ក្នុងចំណោមបេក្ខជនបេក្ខនារី ចំនួន ១០០នាក់ដែលចូលរួមប្រកួតប្រជែង។ ជាមួយគ្នានេះ កម្មវិធី ក៏បានជ្រើសរើសបេក្ខជនបេក្ខនារី ឆ្នើមចំនួន ១៥រូបបន្ថែម ទៀត ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញ បច្ចេកទេស ផ្នែកសន្តិសុខសាយប័រ ពីគ្រូបង្គោល រយៈពេល ៤ ខែ ដើម្បីត្រៀមប្រកួតវគ្គបន្ទាប់ទៀត ដែលក្នុងចំណោម បេក្ខជនទាំង ២០រូបនេះ នឹងជម្រុះយកតែ ៤នាក់ ដើម្បីតំណាង ប្រទេសកម្ពុជា ចេញទៅចូលរួមប្រកួតប្រជែង វគ្គតំបន់អាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែលរៀបចំដោយ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃអំឡុងខែតុលា ខាងមុខនេះ។
ឯកឧត្តម ជុន វ៉ាត បានសម្តែងការអបអរសាទរដល់បេក្ខជនជ័យលាភីទាំង ២០រូប ព្រមទាំងបេក្ខជន បេក្ខនារីទាំងអស់ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការការប្រកួតប្រជែងតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្ត។
ឯកឧត្តម ជុន វ៉ាត បានបញ្ជាក់ថា កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការការលើកកម្ពស់មូលធនឌីជីថល នៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់។
សូមបញ្ជាក់ថា ជ័យលាភីទាំង ៥រូប ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ រួមមាន៖
- ជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល
- ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ រៀល
- ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ រៀល
- ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល និង
- ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល៕ រក្សាសិទ្ធដោយ៖សុទ្ធលី













