រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅនិវេសនដ្ឋាន ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ លោកជំទាវ Frances Adamson AC អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (Governor of South Australia) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាស្ថាប័នពាក់ព័ន្ធ។
ក្នុងឱកាសនេះ លោកជំទាវ អភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានបង្ហាញសេចក្តីរីករាយដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលពីរថ្ងៃមកនេះ និងបានលើកឡើងថា ទោះបីជាទស្សនកិច្ចមានរយៈពេលត្រឹមតែពីរថ្ងៃក្តី ប៉ុន្តែក៏ជាឱកាសដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងប្រទេសកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែសុីជម្រៅមួយកម្រិតទៀត និងជាពិសេសលើវិស័យអប់រំ។ បន្ថែមលើនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង និងបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជួយគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តភាពជាដៃគូដ៏រឹងមាំ និងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀតនាពេលអនាគត។
ក្នុងឱកាសនេះ សូមស្វាគមន៍យ៉ាងកក់ក្តៅដល់លោកជំទាវចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានេះ ដោយបានឆ្លុះបញ្ចាំងពីសក្ខីភាពនៃមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងកម្ពុជា និងអូស្ត្រាលី ក្នុងវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ ព្រមទាំងបានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានផ្តល់ឱកាសសិក្សានៅរដ្ឋអូស្ត្រាលីខាងត្បូង និងគាំទ្រនិស្សិតកម្ពុជាដែលបានសិក្សានៅ Adelaide ទាំងតាមរយៈអាហារូបករណ៍ និងការចំណាយផ្ទាល់។
ការបង្កើតមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ក្នុងឆ្នាំ ១៩៩២ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អជំនាញភាសាអង់គ្លេស ដោយផ្តល់ការអប់រំស្តង់ដាអន្តរជាតិដល់និស្សិតកម្ពុជារាប់ពាន់នាក់។ កម្មវិធីអាហារូបករណ៍អូស្ត្រាលី និងកម្មវិធីភាសាអង់គ្លេសសម្រាប់មន្ត្រីក្រសួង (ELMO) បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងគ្រឹះនៃការកសាងជាតិកម្ពុជា។ ក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ និស្សិតកម្ពុជាជាង ១០០០នាក់ បានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបរិញ្ញាបត្រនៅប្រទេសអូស្ត្រាលី រួមទាំងនៅសាកលវិទ្យាល័យ Adelaide និងសាកលវិទ្យាល័យ Flinders ផងដែរ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងក្រុមប្រឹក្សាសញ្ញាបត្រអប់រំរដ្ឋអូស្ត្រាលីខាងត្បូង (SACE) IDP Education និង AusCam Academy សម្រាប់ការនាំ SACE មកកម្ពុជាជាលើកដំបូង ក៏ដូចជាការរៀបចំវេទិកាអប់រំអូស្ត្រាលី-កម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅដើមឆ្នាំនេះ ដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗដូចជា ការកសាងសមត្ថភាព ការពង្រឹងស្ថាប័ន ការអភិវឌ្ឍជំនាញត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ការអប់រំឌីជីថល ការអប់រំ STEM កម្មវិធីផ្លាស់ប្តូរការសិក្សា គំនិតផ្តួចផ្តើមស្រាវជ្រាវរួម និងការចល័តនិស្សិត។ វិស័យទាំងនេះត្រូវបានតម្រឹមយ៉ាងល្អជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានថ្លែងអំណរគុណដល់លោកជំទាវ អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង ដែលបានផ្តល់កិត្តិយសក្នុងការធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង ក្នុងវិស័យអប់រំ និងវិស័យផ្សេងៗទៀត ជាពិសេសការជំរុញឱ្យមានកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស តាមរយៈ TAFE SA ដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងកិច្ចសហការជាមួយរដ្ឋអូស្ត្រាលីខាងត្បូង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





