Tuesday, May 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ សម្ពោធដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖ “២០ ឧសភា ជាទិវាចងចាំ” ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ,បាន​រងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុងរបប ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ​ដែលបានកើតចេញពីការបែកបាក់ជាតិ។ “មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវ​រំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការបែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាលខ្មៅងងឹតនេះ កើតឡើងជាថ្មី​ នៅលើទឹកដីដ៏អស្ចារ្យរបស់យើង​ទោះក្នុងតម្លៃណាក៏ដោយ”។

ដោយឡែក, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោង​ចក្រ​ស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់នូវការប្រែក្លាយ​ទីតាំងដែលធ្លាប់តែជា​កន្លែង​កាប់សម្លាប់ខ្មែរ, ពោរពេញដោយការ​សោកសង្រេង និង ទុក្ខលំបាកវេទនា មកជា​កន្លែងស្រស់បំព្រង, ប្រកបដោយការរីក​ចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើត​ការងារជូនដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងៗ។ ការងារ​មានកាន់តែច្រើន, ឱកាសនៃការបង្កើនប្រាក់ចំណូលកាន់តែល្អ, សេដ្ឋកិច្ចគ្រួសាររបស់បង​ប្អូនប្រជាជនកាន់តែប្រសើរ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល ខិតខំរៀបចំ និងបង្កលក្ខណៈគ្រប់បែបយ៉ាងសំដៅបង្កើតការអភិវឌ្ឍនៅមូលដ្ឋាន។

ទន្ទឹមនឹងការសាទរនៃសមិទ្ធផលថ្មីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​បន្ថែម អំពីសារសំខាន់នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាម​រយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ នាថ្ងៃនេះ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុក​កាន់តែ​ច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់​ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ អាស្រ័យហេតុនេះ, សូមគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ,​ បង្កលក្ខណៈ ដើម្បីធា​នាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់​ក្រុម​ហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រមប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំ​សុខុ​មាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ​ ឱ្យបានជា​អតិ​បរមា។

មុននឹងបញ្ចប់, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ មូលហេតុសំខាន់ក្នុងការ​ការពារផលប្រយោជន៍សហគមន៍ គឺដើម្បីផ្តល់ភាពកក់ក្តៅ,​ បង្កើត និង បង្កើនផលប្រយោជន៍ ​ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវរក្សាតម្លៃអាស្រ័យនឹងសក្កានុពល​ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

រោងចក្រស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិតកម្មស៊ីម៉ងត៍ចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង ។

កាបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជា ជាការឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងតែងតែពឹងផ្អែកលើការនាំស៊ីម៉ងតិ៍ចូលពីក្រៅប្រទេស ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ ដែលអាចផលិតស៊ីម៉ងត៍បានជាង ១១លានតោនក្នុងមួយឆ្នាំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×