Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មកររោងចក្រគល័រស្ដា ធ្វើការតវ៉ាបិទផ្លូវ២១៧ ដោយសំណូមពរ ៥ ចំណុច

កម្មករ-កម្មការិនីរោងចក្រគល័រស្ដា ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ ប្រហែល២៥០នាក់ បានបន្តប្រមូលផ្តុំធ្វើការតវ៉ា និងបានបិទផ្លូវ ២១៧ទាំងស្រុង ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងការបិទផ្លូវតវ៉ាខាងលើនេះដែរ ក្រុមកម្មករ-កម្មការិនី បានសំណូមពរទាមទារចំនួន ៥ ចំណុច រួមមាន៖ ទី១.សូមឱ្យរោងចក្រគិតប្រាក់ខែចុងក្រោយ។ ទី២.សូមឱ្យរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។ ទី៣.សូមឱ្យរោងចក្រគិតប្រាក់អតីតភាពដែលមាន។ ទី៤.សូមរោងចក្រគិតប្រាក់ការជូនដំណឹង(រោងចក្របានជូនដំណឹងហើយ) និងទី៥.សូមឱ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ )។

ជាមួយគ្នានេះ ដោយមានការសម្របសម្រួលពីក្រសួងការងារ បានឯកភាពគ្នាបានចំនួន ៤ ចំណុច នៅសល់តែ ១ ចំណុចចុងក្រោយ ខាងរោងចក្រ និងខាងតំណាងកម្មករ-កម្មការិនី សូមលើកយកទៅពិភាក្សាបន្តនៅពេលខាងមុខ ។

ក្រោយពីមានការសម្របសម្រួលពីក្រសួងការងារដោះស្រាយ ៤ ចំណុច ខាងលើ កម្មករ-កម្មការិនី ក៏ព្រមទទួលយក និងបើកផ្លូវឱ្យចរាចរណ៍ធម្មតា ។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីដំណោះស្រាយនៅក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូនកម្មករ និយោជិតនៃក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD) ស្ថិតនៅផ្លូវ២៧២ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជ្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយទទួលបានដំណឹងអំពីការតវ៉ារបស់បងប្អូនកម្មករនិយោជិតចំពោះការប្តូរទីតាំងថ្មី របស់ក្រុមហ៊ុន ក្រសួងបានចុះសម្របសម្រួលករណីនេះ ដោយសម្រេចបានកិច្ចព្រមព្រៀងមួយគឺ ក្រុមហ៊ុននឹងធ្វើការទូទាត់ផ្តាច់កិច្ចសន្យាការងារដល់បងប្អូនកម្មករនិយោជិតដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ក្រុមហ៊ុនបានឯកភាព ទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ ដូចខាងក្រោម៖

១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក

២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់

៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន

៤. ប្រាក់បំណាច់អតីតភាពការងារ។

ក្នុងន័យនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD) ជឿជាក់និងរង់ចាំការដោះស្រាយរបស់ ក្រសួង ចៀសវាងការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ដែលជាបទល្មើសព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×