រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយ លោក Cheng Gong អគ្គលេខាធិការរងលេខាធិការដ្ឋាន CAEXPO នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាឱកាស CAEXPO លើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
មានមតិក្នុងជំនួប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CAEXPO លើកទី២២ ទៅកាន់គ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងនូវការកត់សម្គាល់អំពីគំនិតផ្តួចផ្តើមស្តីពីការរៀបចំ CAEXPO ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈការផ្តល់នូវកាលានុវត្តភាពសម្រាប់សហគ្រាសកម្ពុជាផ្គូផ្គងជាមួយសហគ្រាសបរទេស ជាពិសេសសហគ្រាសចិន និងផ្តល់នូវថ្នាលសម្រាប់សហគ្រាសកម្ពុជាមានលទ្ធភាពផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម របស់ខ្លួនទៅកាន់សហគមន៍ធុរកិច្ចអន្តរជាតិ។ បន្ថែមពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការចូលរួមចំណែករបស់ CAEXPO ក្នុងការសាបព្រោះព័ត៌មានវិជ្ជមានរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចឱ្យបានជ្រាបច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគដ៏សម្បូរបែបស្ទើរគ្រប់វិស័យ។
មុននឹងបញ្ចប់ ឯកឧត្តមបានស្នើលេខាធិការដ្ឋាន CAEXPO ពិនិត្យលទ្ធភាពរួមគ្នារៀបចំ (១) ព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគអមដោយកម្មវិធីផ្គូផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជាដែលមានវត្តមាននៅទីក្រុងណាននីងដោយផ្ទាល់ជាមួយសហគ្រាសចិនដែលមានសក្តានុពល និង (២) កម្មវិធីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍរបៀងឧស្សាហកម្ម និងគម្រោងនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងឱកាស CAEXPO លើកទី២២ នាពេលដ៏ខ្លីខាងមុខ។
ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជាដែលបានទទួលជួបពិភាក្សាការងារនាឱកាសដំណើរទស្សនកិច្ចការងាររបស់ខ្លួនមកកាន់កម្ពុជា។ ស្របគ្នានេះ លោកបានថ្លែងនូវការកត់សម្គាល់ថារាជរដ្ឋាភិបាលកម្ពុជាតែងតែចូលរួមគាំទ្រយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ CAEXPO ហើយលោកមានសុទិដ្ឋិនិយមថាថ្នាលពិព័រណ៍នេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែមានគុណភាពខ្ពស់ និងស្តង់ដារខ្ពស់។
ជាកិច្ចបញ្ចប់ លោកបានឯកភាពក្នុងការផ្តល់កិច្ចសហការរួមគ្នារៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបរិស្ថានធុរកិច្ច ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។
សូមជម្រាបជូនផងដែរថា បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ឯកឧត្តមអគ្គលេខាធិការរងក៏បានចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបង្ហាញផ្លូវសម្រាប់ CAEXPO លើកទី២២ ដើម្បីជួយផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាកៀរគរវិស័យឯកជនកម្ពុជាចូលរួមតាំងបង្ហាញផលិតផល, បច្ចេកវិទ្យា និងសេវាកម្មរបស់ខ្លួនឱ្យបានច្រើនកុះករ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




