ខេត្តកំពង់ស្ពឺ៖ ដោយការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៤ រសៀល កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង និងបានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលប្រតិបត្ដិការស្រាវជ្រាវដល់ទីតាំង ខារ៉ាអូខេយីហោ “នាគ មាស” និងផ្ទះសំណាក់យីហោ “សុខ សាន្ត” ស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានអនុវត្ដនិងឃាត់ខ្លួន មនុស្ស 02នាក់ តាមការបញ្ជាក់ឲ្យដឹងពីលោកស្រី វរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យ ថា៖ បុរសទាំង 02នាក់ ជាម្ចាស់ទីតាំង KTV និង ផ្ទះសំណាក់ ខាងលើ ៖ 1/- ឈ្មោះ ឃ្លាំង ភារម្យ ភេទប្រុស អាយុ 35ឆ្នាំ ( ម្ចាស់ទីតាំងខារ៉ាអូខេ KTV )។ 2/- ឈ្មោះ តុញ ខ្លី ភេទប្រុស អាយុ 37ឆ្នាំ ( ជាម្ចាស់ផ្ទះសំណាក់ )។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល បានធ្វេីការសង្គ្រោះនារីវ័យក្មេង និងនារីចំណាស់ បានចំនួន ៨នាក់ ក្នុងនោះ ជាអនីតិជន ៥នាក់ និងធ្វើការចាប់យក ដកហូតស្រោមអនាម័យដែលភ្ញៀវប្រេីប្រាស់រួចទម្លាក់ចូលក្នុងធុងសំរាម ដោយមាននូវទឹកកាមចំនួន ២ស្រោម ។
ដោយផ្អែកលេីភស្ដុតាងនិងចម្លេីយសមត្ថកិច្ចបានធ្វើការបញ្ជូនម្ចាស់ទីតាំង ២នាក់ រួមជាមួយ នារីរងគ្រោះទាំង៨នាក់ មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការនីតិវិធីបន្ដ ។ ចំណែកក្មេងស្រីរងគ្រោះបានប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




