ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
អញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយ ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង។
កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និង ប្រទេសចិន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្តីបារម្ភរួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

