ភ្នំពេញ ៖ ក្រៅពីការចែករំលែកព័ត៌មាននានាពីអ្នកជំនាញ សិក្ខាសាលាចែករំលែកបទពិសោធស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ” ទទួលបានការចូលរួមពីវាគ្មិនកិត្តិយសមកពីបណ្តាក្រសួងចំនួន៥។ វាគ្មិនទាំង៥រូប បានចែករំលែកពីស្ថានភាពបច្ចុប្បន្ននៃការផ្តល់សេវាសាធារណៈ នៅតាមបណ្តាក្រសួងរបស់ខ្លួនជូនដល់អ្នកជំនាញ មន្ត្រីរាជការមកពីក្រសួង ស្ថាប័នដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ចំនួន៣១ ក្រសួង ស្ថាប័ន។
បទបង្ហាញទាំង៥ រួមមាន៖ (១) បទពិសោធនៃការកែលម្អការផ្តល់សេវាសាធារណៈនៅក្រសួងសាធារណការ និងដឹកជញ្ជូន, (២) ការផ្តល់សេវាគាប់ចិត្ត ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, (៣) ការកែទម្រង់សេវាសាធារណៈ និងបទពិសោធជោគជ័យរបស់ក្រសួងពាណិជ្ជកម្ម, (៤) ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ និង (៥) កម្រងសេវាសាធារណៈ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាការកត់សម្គាល់ចេញពីការធ្វើបទបង្ហាញទាំង៥ នេះ វាគ្មិនដែលជាតំណាងក្រសួងទាំង៥ សុទ្ធតែបានបង្ហាញអំពីព័ត៌មានជាច្រើន ជុំវិញការធ្វើនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈជូនទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែបានប្រសើរ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងកាត់បន្ថយដំណាក់កាលនានាដែលបង្កភាពស្មុគស្មាញសម្រាប់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ តំណាងក្រសួងទាំង៥ បានបង្ហាញនូវស្មារតីរួមមួយគឺ ការផ្តល់សេវាសាធារណៈដែលកាន់តែល្អប្រសើរ ដោយដាក់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាគោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















