ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារឌីជីថលបានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី “ការពង្រឹងថ្នាលឌីជីថលដើម្បីផ្តល់ព័ត៌មានអំពីការអនុវត្តកសិកម្ម ទីផ្សា និងតម្លៃកសិផលសម្រាប់កសិករខ្នាតតូចនៅបណ្តាលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)”។
ក្នុងពិធីបើកនេះ ឯកឧត្តមបានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រថវិកាសម្រាប់អនុវត្តគម្រោងសិក្សានេះ និងលេខាធិការដ្ឋានអាស៊ានដែលបានជួយសម្របសម្រួលរៀបចំបង្កើតគម្រោងនេះឡើងក្នុងគោលបំណងនាំភាគីពាក់ព័ន្ធសំខាន់ៗមកពិភាក្សាលើលទ្ធផលដែលទទួលបានពីការសិក្សា ដោយក្រុមការងារទីប្រឹក្សាវិទ្យាស្ថានមេគង្គប្រចាំនៅប្រទេសថៃ ព្រមទាំងបញ្ជាក់ព័ត៌មាន ចែករំលែកបទពិសោធ សំខាន់ៗ និងផ្តល់អនុសាសន៍ជាធាតុចូលបន្ថែម ដែលអាចយកទៅអនុវត្តបាន ដើម្បីជំរុញដល់ការប្រើប្រាស់ថ្នាលកសិកម្មឌីជីថល សម្រាប់ជួយដល់ប្រជាកសិករខ្នាតតូចនៅបណ្តាលប្រទេស CLMV។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមមកពីបណ្តាប្រទេស មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សរុបចំនួន៤១នាក់ ក្នុងនោះមាន៖ ១. តំណាងរាជរដ្ឋាភិបាល (ក្រសួងកសិកម្ម ផ្នែកព័ត៌មានវិទ្យា និងឌីជីថល ២. តំណាងសមាគមន៍ ឬសហគមន៍កសិកម្ម ៣. តំណាងក្រុមហ៊ុនឯកជនដែលផ្តល់សេវាបច្ចេកវិទ្យា និងប្រកបអាជីវកម្មលើវិស័យកសិកម្ម និង៤. អ្នកស្រាវជ្រាវនិងអ្នកជំនាញកសិកម្មផ្នែកឌីជីថល៕ រក្សាសិទ្ធដោយ៖សុទ្ធលី









