ព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិត្តចិនតែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់វិស័យ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន បានកសាងឡើង ដោយឈរលើមូលដ្ឋាន នៃទំនុកចិត្តផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ រហូតវិវត្តន៍ទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រួមទាំងការប្រាស័យទាក់ទងគ្នាជាយុត្តិសាស្ត្រ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន២០០ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ប្រមាណ ៣២០០០នាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ យូរអង្វែងរបស់កម្ពុជា-ចិន ដែលមានការវិវត្តន៍ ចាប់ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យគ្រប់រដូវកាលក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន នៅក្នុងការជំរុញឱ្យទទួលបានសមិទ្ធផល ភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅជំនួបក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងខែមេសា ឆ្នាំ២០២៥ សម្តេចផ្ទាល់និងប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនងមិត្តភាពដែកថែប កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិត្តចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុត នៃការវិនិយោគរបស់កម្ពុជាមកដល់ពេលនេះ ជំហររបស់កម្ពុជា ចំពោះមិត្តចិន គឺប្រកាន់ភ្ជាប់ឥតងាករេចំពោះនយោបាយចិនតែមួយ និងគាំទ្រការផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានសម្តែង នូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់មិត្តចិន ចំពោះការគាំទ្រនិងការជ្រោមជ្រែងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា, ដោយតំបន់នេះ ត្រូវបានទទួលស្គាល់, គាំទ្រ និង មានការចុះ កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានលើកឡើងថា ភាគីចិន នឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់ និង ផ្លូវ» លើកទី២ ក្នុងឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង, សម្ដេចតេជោ ក៏បានបញ្ជាក់ថា៖ ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និង ផ្លូវ« រវាងប្រទេសទាំងពីរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី













