Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់

ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា​ សម្តេច​បវរ​ធិបតី​សូម​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​ កម្មការនី​ និយោជក​ទាំង​អស់ និង​បាន​សម្តែ​ង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែលបាន​ជួប​សំណេះ​សំណាល​ជាមួយបងប្អូន​កម្មករ​ កម្មការនី​ នៅទីនេះ​ ហេីយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់ការទទួលបាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ២០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ។ កំពុង​ដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រ​ជាជន។​ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​ ការ​ទទួល​បាន​ក្រុម​ហ៊ុន​ចំនួន​២០០នេះ​ ពុំ​មែន​កេីត​ឡេីង​ដោយ​ទេវតា​ទម្លាក់ចុះ​ពីលេីមេឃនោះទេ​ គឺកេីត​ចេញ​ពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៍ត្រឹម​ត្រូវ​របស់​សម្តេចតេជោ​ ហេីយរាជ​រដ្ឋាភិបាល​ និតីកាលទី​៧​ នៃ​រដ្ឋសភា​ នឹង​បន្តគាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ សម្តេច​បវរ​ធិបតី​ជឿជាក់​ថា​ក្រុម​ហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ នឹង​មាន​ការ​កេីនឡេីងជាលំដាប់​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ។

ទន្ទឹមនឹង​ការសម្តែង​ភាពសប្បាយរីករាយ​ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចបវរ​ធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថារាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យក​ការវិនិយោគ​មកពីគ្រប់ប្រទេស ដោយដាក់ចេញគោលនយោបាយ ដេីម្បីទាក់ទាញវិនិយោគិននានា​ មកបណ្តាក់ទុន​ និងបើក​ដំណើរ​ការក្រុម​ហ៊ុននៅទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលស្វាគមន៍​ និងចាប់យកក្រុមហ៊ុន​វិនិយោគទាំងអស់​ គឺ​អាចនិយាយបានថា​ ចាប់យក​ “ទាំងសាច់គោ និងស្ពៃ” ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនេះ​ បានបង្កើត​ការងារ​យ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់​ ដែលនេះជាសាក្ខីភាពពិតដែលធ្វេីឱ្យតំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង៥ក្នុង ខេត្ត​ព្រះសីហនុ​ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា​ ផ្តល់ប្រាក់ឈ្មួលមធ្យម​សរុប​ប្រចាំ​ឆ្នាំ​ ប្រមាណ​ជាង​ ១៧៨​ លានដុល្លា​ និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំង​ប្រទេសប្រមាណជាង ១.៨ លាននាក់។

សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគ​មក​អភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និង ការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ, តែរាជរដ្ឋាភិបាលក៏មាន​មហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង​រោង​ចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករ​និយោជិត។​ ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំមួយ, ពោល គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយ ជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រងមួយ ។ បងប្អូនកម្មករនិយោជិត ពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងបុព្វហេតុដ៏ធំធេងនៃការកសាងជាតិគ្រប់ ដំណាក់កាល ។ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលជានិច្ច ។ សម្តេចបវរធិបតី បានធ្វើការបញ្ជាក់ថាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ, តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាកម្លាំង ចលករដ៏សំខាន់​មួយ សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។

មុននឹងបញ្ចប់, សម្តេច​មហាបវរធិបតី​នាយករដ្ឋមន្ត្រី​បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋបាលខេត្តព្រះសីហនុ, ប្រធាន និង គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈ នាពេលកន្លងមកនេះ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, ជាពិសេស បងប្អូនកម្មករនិយោជិត ដែលបានខិតខំប្រឹងប្រែងថែរក្សា និង បង្កើនផ្លែផ្កានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×