ភ្នំពេញ ៖ នៅវិមាន៧មករា ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយកិច្ចប្រជុំ
ថា នៅក្នុងកិច្ចប្រជុំនោះ គឺគោលដៅសំខាន់ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត។
បញ្ហាប្រឈមដែលបានលើកឡើងឲ្យរកដំណោះស្រាយនោះ គឺក្នុងកិច្ចប្រជុំ សម្ដេចតេជោ បានរៀបចំឲ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយនៅក្នុងនោះឲ្យមានសកម្មភាពនៃការបង្កើតដាក់ឲ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជាមានដូចជា Facebook, Telegram ,youtube, និងTikTok ជាដើម ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយនូវសកម្មភាព ជាស្នាដៃ ជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឲ្យកាន់តែផុសផុសឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលចំពោះបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង។
នៅក្នុងឱកាស នោះសម្ដេចតេជោ បានលើកឡើងនៅចំណុចស្នូលសំខាន់ៗ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដោយសម្ដេចតេជោបានផ្ដល់អនុសាសន៍ ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណា ឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ ប៉ុន្តែសម្ដេចបានផ្ដល់អនុសាសន៍ឲ្យកែ លក្ខន្តិកៈនេះក្នុងគោលដៅដើម្បីបញ្ចូល និវត្តជនទូទៅ ក្នុងនោះមានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឱ្យមកចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជននេះដែរ ហើយនឹងអាចពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀតដើម្បីឲ្យមានវិសាលភាពគ្របដណ្ដប់ ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ។
ការផ្ដល់អនុសាសន៍បែបនេះរបស់សម្ដេចតេជោ ក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តជនទូទៅ ដោយមិនទុកពួកគាត់ចោលនោះទេ គឺការយកចិត្តទុកដាក់ជួយជ្រោមជ្រែង ឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជនទេ។
នេះជាអនុសាសន៍ថ្មី និងជាការយកចិត្តទុកដាក់ថ្មីរបស់សម្ដេចតេជោ ក្នុងឋានៈលោកជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានគិតគូរដល់ អ្នកចូលនិវត្តន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលបានចូលនិវត្តន៍ ដើម្បីឲ្យចូលក្នុងក្របខណ្ឌនៃសមាគម ដែលរួមចំណែកក្នុងការជួយដល់ពួកគាត់តាមយន្តការរបស់សមាគមអតីតយុទ្ធជនកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី












