ភ្នំពេញ ៖ អង្គភាពការពារកុមារ (CPU) ចេញរបាយការណ៍លម្អិតករណី រំលោភសម្លាប់លើកុមារីអាយុ ១៤ឆ្នាំ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សាកសពក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹក ក្នុងសាលារៀនបឋមសិក្សាមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានគេរាយការណ៍មកកាន់សមត្ថកិច្ច នគរបាល និងអង្គភាពការពារកុមារ (CPU)។ ភ្លាមៗក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) របស់អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ បានចុះជួយគាំទ្រដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងដំណើរការស៊ើបអង្កេតលើករណីនេះ។
ក្រុមការងារចម្រុះបានធ្វើកោសល្យវិច័យសាកសព និងបានត្រួតពិនិត្យកន្លែងកើតហេតុយ៉ាងល្អិតល្អន់
ស៊ីជម្រៅ ហើយជាលទ្ធផលក្រុមការងារស៊ើបអង្កេតឈានដល់ការកំណត់មូលហេតុនៃការស្លាប់ ថែមទាំងទិដ្ឋភាពសកម្មភាពដែលបានកើតឡើងទៅលើកុមាររងគ្រោះនៅពេលវេលាកើតហេតុ។ សមត្ថកិច្ចបានយកចម្លើយបំភ្លឺពីសាក្សីជាច្រើននាក់ ហើយឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យពីរនាក់ ដែលត្រូវបានឃាត់ខ្លួនត្រឹមប៉ុន្មានម៉ោងក្រោយ។
ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានសមត្ថកិច្ចសួរចម្លើយ ហើយបានឆ្លើយសារភាពថាបានប្រព្រឹត្ត បទល្មើសនេះ ហើយក៏មានជនសង្ស័យទីបីម្នាក់ទៀតពាក់ព័ន្ធក្នុងករណីនេះផងដែរ។ ចម្លើយបំភ្លឺពីជនសង្ស័យ ស៊ីសង្វាក់គ្នាជាមួយភស្តុតាងដែលមាននៅលើសាកសព និងក្នុងកន្លែងកើតហេតុ។
មិនបង្អង់យូរក្រុមការងារស៊ើបអង្កេតចម្រុះបានចាប់ផ្តើមបើកការប្រមាញ់តាមរកជនសង្ស័យ
ទីបីបន្តទៀត។ ប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីការតាមប្រមាញ់ កម្លាំងសមត្ថកិច្ចកំណត់បានទីតាំង របស់ជនសង្ស័យទីបី ហើយក៏ធ្វើការឃាត់ខ្លួន។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការស៊ើបអង្កេតលើករណីនេះ ដែលបាន ចូលរួមចំណែកធ្វើឲ្យទទួលបាននូវលទ្ធផលដ៏អស្ចារ្យនិងឆាប់រហ័ស។ នេះជាករណី គម្រូដ៏អស្ចារ្យមួយ ដែលតាមរយៈកិច្ចសម្របសម្រួល ការខិតខំប្រឹងប្រែងសហការរួមគ្នាក្នុងការឆ្លើយតប និងជំនាញវិជ្ជាជីវៈការងារពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាល បច្ចេកទេសនិងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អង្គភាពការពារកុមារ (CPU) ព្រមទាំងមានកិច្ចសហការល្អពីសាក្សីពាក់ព័ន្ធទាំងអស់ ទើបធ្វើឲ្យក្រុមការងារ ស៊ើបអង្កេតចម្រុះអាចឈានដល់ការកំណត់ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទាំងអស់បានយ៉ាងឆាប់ រហ័សបែបនេះ។ យើងមានមោទនភាព និងភាពរីករាយយ៉ាងខ្លាំងដែលមានឱកាសសហការជាមួយការិយាល័យជំនាញទាំងនេះ ដើម្បីធ្វើអោយប្រាកដថាក្រុមការងារនឹងទទួលបានការឆ្លើយតប និងលទ្ធផលវេជ្ជមាន ក្នុងការបំបែកករណីដ៏សាហាវឃោរឃៅនេះ។
ដោយមានការខិតខំប្រឹងប្រែងស្រាវជ្រាវ និងភាពប្តេជ្ញាខ្ពស់ពីមន្ត្រីនគរបាលទាំងអស់ ទើបធ្វើអោយក្រុមការងារចម្រុះអាចឈានដល់ការបំបែកករណីនេះបានយ៉ាងឆាប់រហ័សបែបនេះ។
អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា នេះជាករណីសោកនាដកម្មដ៏សាហាវឃោរឃៅមួយដែលត្រូវបានប្រព្រឹត្តលើកុមារីរងគ្រោះ ហើយក្នុងឱកាសដ៏សោកសង្រែងនេះ យើងខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយនិងគ្រួសារ និងញាតិមិត្ត របស់ជនរងគ្រោះ។ ករណីស៊ើបអង្កេតនេះបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសដែលត្រូវបានប្រព្រឹត្តលើកុមារ និងប្តេជ្ញាធ្វើអោយប្រាកដថា រាល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តបទល្មើសទៅលើកុមារនឹងត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសចំពោះមុខច្បាប់ និងផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បាននាំយកសម្ភារ (ខ្សែក និងទូរស័ព្ទរបស់ជនរងគ្រោះ) ដែលដកហូតពីជនសង្ស័យ ដើម្បីប្រគល់ជូនក្រុមគ្រួសារសព។ ជាមួយគ្នានេះដែរ លោកអធិការ ក៏បាននាំយកថវិកាចំនួន៤០ម៉ឺនរៀល របស់ឯកឧត្តមស្នងការ ចូលបុណ្យដើម្បីចូលរួមរំលែកទុក្ខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







