Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបើកសវនាការលើសំណុំរឿងអ្នករត់កង់បីដឹកស្ត្រីជនជាតិកូរ៉េ ពង្វាងផ្លូវនាំទៅឲ្យបក្ខពួកវាយប្លន់បង្ករបួសស្នាម

ភ្នំពេញ ៖ លោក សំម ប្ញទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងអង្គសវនាការថា ទង្វើរបស់ជនជាប់និងបក្ខពួកទៅលើស្ត្រីដែលជាជនទេសចរណ៍បរទេស ពីសំណាក់ក្រុមជនដៃដល់មិនត្រឹមតែមានទោសទណ្ឌនូវកម្រិតឧក្រិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែអាក្រក់ជាងនេះ វាបានធ្វើឲ្យប៉ះពាល់សម្បើមធំធេងដល់កិត្តិយសជាតិ និងប្រទេសលើវិស័យទេសចរណ៍។

ទោះបីជនត្រូវចោទបានព្យាយាមឆ្លើយដោះសារមិនទទួលខុសត្រូវនូវកំហុសរបស់ខ្លួនក៏ដោយ នៅទីបញ្ចប់នៃអង្គសវានាការនេះ លោកព្រះរាជអាជ្ញារង សំម ប្ញទ្ធីវាសនា បានសម្រេចតម្កល់បទចោទ “អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស “ទុកជាបានការ និងបានបានស្នើសុំចៅក្រុមក្រុមប្រឹក្សាក្នុងរឿងនេះ ផ្តន្ទាទោសនូវបទចោទដូចបានចោទប្រកាន់ខាងលើឲ្យបានធ្ងន់ធ្ងរ។

សវនាការលើសំណុំរឿងនេះ គេកត់សម្គាល់មានលោក ញឹម វិសាល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមប្រធានក្រុមប្រឹក្សារអមដោយចៅក្រមប្រឹក្សា២រូបទៀត និងមានលោក សំម ប្ទទ្ធីវាសនា ជាតំណាងអយ្យការ។

ក្រោយការបញ្ចប់ការសួរដេញដោលលើជនត្រូវចោទ តាត វណ្ណ: អមដោយមេធាវីការពារចំនួន៣រូបផងនោះ តុលាការបានសម្រេចលើកយកសំណៅរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

សូមរំលឹកថា កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៤ និង​០០​នាទី កម្លាំង​ការិយាល័យ​ជំនាញ​ពព្រហ្មទណ្ឌ បាន​ចុះ​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្របែកហើយ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្របែក សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា ។

បើតាមលោក​វរសេនីយ៍ឯក ម៉​ម សា​វន បញ្ជាក់ថា ជនសង្ស័យ​បើក​ម៉ូតូ​កង់​បីផាស​អេ​ប​ បានដឹក​ជន​រង​គ្រោះ​ទៅ​កន្លែង​ស្ងាត់ ដែល​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ឈប់​តែ​មិន​ព្រម​ឈប់ ដោយ​មានការ​ភ័យ​ជន​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​រង​របួស ហើយ​ក៏​ត្រូវ​បក្ខពួក អ្នក​រត់​ម៉ូតូ​កង់​បី​១​ក្រុម ដែល​នៅ​ចាំទី​នោះ បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារ​របស់​ជន​រង​គ្រោះ​តែ​ម្តង​ទៅ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​០៥ ភូមិ​១៤ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល​០៤ និង​០០​នាទី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ ។

លោកបញ្ជាក់ទៀត​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​ការិយាល័យ​មក​ដល់​នៅ​នា​រសៀល​ថ្ងៃ​ដដែល ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ។

ជនសង្ស័យ​រូបនេះ មានឈ្មោះ តាត វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​បា​រាជ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖-​ម៉ូតូ​កង់​បី​១​គ្រឿង ម៉ាក BAJAJ 3W RE 4S LPG ពណ៌​ក្រហម សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​កណ្តាល 1Z-8889 -​ទូរ​សព្ទ​ដៃ ម៉ា​កវី​វ៉ូ ពណ៌​ទឹកមាស ១​គ្រឿង -​ទូរ​សព្ទ័​ដៃ ម៉ាក​សាំ​សុង ពណ៌​ខ្មៅ ១ គ្រឿង ពាក់ព័ន្ធ​បទល្មើស​ខាងលើ​នេះ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ P H N ភេទ​ស្រី ជនជាតិ​កូរ៉េ កាន់​លិខិត ស្នាក់​នៅ​សណ្ឋាគារ​យូ​តៃ ផ្លូវ​លេខ​២១៤ ភូមិ​២ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
សម្ភារៈ​បាត់បង់ ៖.​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២ ចំនួន​០១ គ្រឿង .​កាត​ធនាគារ និង​កូនសោ​សណ្ឋាគារ ។

ការឃាត់ខ្លួនជនសង្ស័យគឺយោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ស្តាប់​ចម្លើយ​ជនសង្ស័យ​មាន​ភាព​ស៊ីសង្វាក់​ពាក់​ពន្ធ​បទល្មើស “​លួច​មាន​ស្ថាន​ទម្ងន់ទោស​” សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​សាល​ដំបូង​ររាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធដោយ៖ CEN

×