Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា សហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» ដែលជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា។ សិក្ខាសាលា រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ នេះទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប ។

ជាកិច្ចចាប់ផ្តើមសិក្ខាសាលា ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគឺការវិភាគមុខងារ ឯកឧត្តម បានលើក៣ ចំណុចសំខាន់ៗ រួមមាន៖ ១)ត្រូវមានផែនការច្បាស់លាស់ ២)កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣)ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិនៃការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ, ឆ្លុះបញ្ចាំងពីបទពិសោធ ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ, កំណត់នូវបញ្ហាប្រឈម និងការមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈសំខាន់ៗ, ដាក់ចេញ និងអនុវត្តនូវសកម្មភាពគន្លឹះនានា នៃការកែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា “បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺយើងមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។” […] “មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានដំណើរការវិភាគមុខងាររយៈពេលមួយឆ្នាំពេញដោយភាពរលូន។ តាមរយៈការគិតគូរ និងការរៀបចំប្រតិបត្តិរបស់យើងគ្រប់ជ្រុងជ្រោយនេះបានធ្វើឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន។ […] ទាំងនេះ បានបង្ហាញពីសមត្ថភាពរបស់មន្រ្តីរាជការកម្ពុជាក្នុងការអនុវត្តការងារប្រកបដោយភាពហ្មត់ចត់។” ឯកឧត្តមបានបន្ថែម។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចបន្ថែមទៀតថា ការវិភាគមុខងារ ដែលយើងបាន និងកំពុងអនុវត្តជាជំហានៗ គឺដើម្បីបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងកម្រិតអន្តរជាតិ, ការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមកៀរគធនធានបន្ថែមឆ្ពោះទៅកាន់ទស្សនវិស័យកម្ពុជាឆ្នាំ២០៥០។

សូមជម្រាបថា សិក្ខាសាលានេះបានរៀបចំវេទិកាចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ» របស់អ្នកជំនាញនៃធនាគារពិភពលោក, បទបង្ហាញស្តីពី «ស្ថានភាពបច្ចុប្បន្ន នៃការផ្តល់ សេវាសាធារណៈនៅតាមក្រសួង ស្ថាប័ន ចំនួន៥» និងកិច្ចពិភាក្សាលើទិសដៅអនុវត្ត ឆ្ពោះទៅកាន់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្តោតលើមុខងារគាំទ្រ៖ ការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×