ភ្នំពេញ ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសស្តីពី «គោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ ការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី» ដើម្បីផ្តល់ជម្រើស និងកាត់បន្ថយចំណាយជូនអ្នកប្រើប្រាស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យអ្នកផលិតរថយន្ត ឬអ្នកនាំចូលរថយន្ត ត្រូវតែគោរពស្តង់ដារមួយ គឺគុណភាព ផាសុកភាព ធ្វើយ៉ាងណាចៀសវាងកម្ពុជាទៅជាធុងសំរាមរបស់អ្នក។
ពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងរ៉ែ និងថាមពល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ , ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាត្រូវតែជាចំណែកមួយនៃសមាហរណកម្មជាមួយអាស៊ាន ដើម្បីទទួលបានសុវត្ថិភាព ប្រសិទ្ធភាព តម្លៃសមរម្យ ត្រូវចេញពីទីមួយមុនគេ គឺការពារ ប្រឆាំង និងមិនអនុញ្ញាតការធ្វើសេវាកម្មផ្តាច់មុខនៅតំបន់ណាមួយ ឬក៏ប្រើបច្ចេកវិទ្យាណាមួយផ្ដាច់មុខ។ បន្ថែមលើនេះ យានយន្តត្រូវតែមាំទាំ ធន់នឹងការប្រើប្រាស់ ងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាប្រព័ន្ធបញ្ជា ព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាស និងកាត់បន្ថយការចំណាយផ្សេងៗ។
ចំណែកតម្លៃថាមពល រាជរដ្ឋាភិបាល មានកាតព្វកិច្ចជាពិសេសជាមួយនឹងអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការមើលថ្លៃអគ្គិសនី គឺធ្វើយ៉ាងណាធានាថា ថ្លៃអគ្គិសនីសមរម្យ និងមានលក្ខណៈប្រកួតប្រជែងជាមួយតម្លៃប្រេងឥន្ធនៈដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ យានយន្តអគ្គិសនីនឹងជួយជំរុញការប្រើប្រាស់ថាមពលស្អាត ដែលកម្ពុជាសព្វថ្ងៃនេះមានថាមពលស្អាតចំនួន ៦២% ដោយជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឡាវ និងព្យាយាមធ្វើយ៉ាងណាឲ្យបានប្រមាណ ៧០% នៅក្នុងឆ្នាំ ២០៣០។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ការដាក់ផែនការខ្ពស់នេះ នឹងមានការប្រឈមច្រើន ប៉ុន្តែប្រសិនបើយើងដល់ឆ្នាំ២០៣០ ខកខាន ឬស្ទើរតិចតួច គឺយើងសុខចិត្តខ្វះខាត។ ដូច្នេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវេធិបតី ហ៊ុន ម៉ាណែត គឺយើងបានកំណត់យក ៧០% ថាមពលស្អាតសម្រាប់គោលដៅឆ្នាំ២០៣០ ដែលជាគោលដៅខ្ពស់មួយ, ព្រមជាមួយនឹងការសម្រិតសម្រាំងយានយន្តនៅកម្ពុជា ឱ្យប្រកបដោយគុណភាព ប្រើប្រាស់ថាមពលស្អាត ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ដើម្បីសុខភាពយើងទាំងអស់គ្នា៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN









