Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន ៖ បុគ្គលឈ្មោះ អ៊ុក ម៉ៅ ត្រូវបានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានា និងត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍

ភ្នំពេញ ៖ក្រសួងព័ត៌មាននៅ ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថាក្រសួងព័ត៌មាន បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវ បានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹងបុគ្គលនេះ។

ក្នុងករណីនេះ ក្រសួងព័ត៌មានសូមគូសបញ្ជាក់ជូនដល់សាធារណជនទាំងអស់បានជ្រាបថា៖

១-បុគ្គល អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ពោល គឺរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការ ឡើយ។ សកម្មភាពរបស់លោកនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង រំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គល អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និង បោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គលលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។

២-ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានទៅ បម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយឡើយ។ អ្នកដែលបំពេញការងារ ទាក់ទងនឹងសារព័ត៌មាន គឺត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ ក្រៅ ពីនោះគឺគ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ លើសពីនេះ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះ មិនស្ថិតក្នុងក្របខណ្ឌនៃ សេរីភាពខាងសារព័ត៌មានឡើយ។

៣-សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានបរទេសមួយចំនួន សូមកុំព្យាយាមធ្វើ អាជីវកម្មនយោបាយជ្រុលហួសហេតុ ដោយបង្កើត បំភ្លៃព័ត៌មានខុសពីការពិតពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលអាចបង្ហាញថា អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួនគឺបង្កប់នូវរបៀបវារៈនយោបាយ ដែលមើលឃើញសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងផ្លូវអវិជ្ជមាន និងសូមប្រកាន់ភ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ខ្ពស់ និងកុំលង់ក្នុងល្បិចកលរបស់ក្រុមជនមួយចំនួន ដែលព្យាយាមបំភ្លៃការពិតពីសេរីភាពខាងសារព័ត៌មាន នៅកម្ពុជា និងព្យាយាមលាបពណ៌សព្វបែបយ៉ាង ដើម្បីសុំសេចក្ដីសណ្តោសពីម្ចាស់ជំនួយរបស់ខ្លួន។

៤-ទង្វើ និងសកម្មភាពរបស់អ្នកសារព័ត៌មាន ឬក្រុមណាមួយ ដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជា អាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួន ឬក្រុមណាមួយផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារ ព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពខាងសារព័ត៌មានឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ហើយជាមួយគ្នានេះ ក្រសួងព័ត៌មានសង្ឃឹមថា សមាគម និងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបរទេសមួយចំនួន បញ្ឈប់ការធ្វើអាជីវកម្មនយោបាយលើករណីនេះ និងបញ្ឈប់ការលើកតម្កើងជនដែលបានប្រព្រឹត្តល្មើសច្បាប់ ធ្វើជា «វីរជន» ប៉ុន្តែគួរចូលរួមអប់រំណែនាំជនទាំងនោះឱ្យគោរពច្បាប់ត្រឹមត្រូវ។

បើតាមសេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដែលមានរាយនាមខាងក្រោម ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនដោយមិនត្រឹមត្រូវ មកលើអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ក្រោយពីលោករាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ ។ បច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង និងត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ។ យើងខ្ញុំអំពាវនាវ សូមឱ្យលើកលែងការចោទប្រកាន់ និងដោះលែងលោក ម៉ៅ ។

លោក អ៊ុក ម៉ៅ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាថ្ងៃត្រង់ ។ ក្នុងចំណោមអាជ្ញាធរទាំងពីរ មានម្នាក់ស្លៀកពាក់ស៊ីវិល ។ នៅពេលចាប់ខ្លួន អាជ្ញាធរទាំងពីរនាក់នោះ មិនបង្ហាញដីកាចាប់ខ្លួននោះទេ ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×