សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិខស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ក្រោយកម្លាំងសម្ថកិច្ចធ្វើការឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

