Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពី វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤

ភ្នំពេញ ៖ របាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ (G-PSF) ប្រចាំឆមាសទី២ ឆ្នាំ២០២៤ គឺជាឯកសារមូលដ្ឋានសម្រាប់ជូនរាជរដ្ឋាភិបាលពិនិត្យ ពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា។ របាយការណ៍នេះ ក៏ផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវ បរិយាកាសធុរកិច្ចនិងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជនបន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ តាមរយៈការស្ទង់មតិក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញពីការវាយតម្លៃខ្ពស់ និងការពេញចិត្តពីអ្នកចូលរួម ជាពិសេសពីវិស័យឯកជនទៅលើដំណើរការនៃយន្តការវេទិកានេះ។

គិតត្រឹមឆមាសទី២ ឆ្នាំ២០២៤ ការអនុវត្តវិធានការកែទម្រង់មុតស្រួចទាំង១៨៨ ដែលបានដាក់ចេញក្នុងវេទិកានេះ មានវឌ្ឍនភាពល្អបង្គួរ ដោយវិធានការសម្រេចបានពេញលេញក្នុងឆមាសទី២ មានចំនួន ៥២វិធានការ ធ្វើឱ្យវិធានការដែលសម្រេចបានពេញលេញ សរុបកើនឡើងដល់ចំនួន ១៦០វិធានការ ស្មើនឹងប្រមាណ ៨៥% នៃវិធានការសរុប។ ចំពោះវិធានការសេសសល់ចំនួន ២៨ផ្សេងទៀត ដែលកំពុងត្រូវបានអនុវត្ត ភាគច្រើនក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបានលើកឡើង ក្នុងរយៈពេលខ្លីទៅមធ្យមខាងមុខ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន (គ.ស.រ.ជ.) នឹងអនុវត្តការងារមួយចំនួនដូចជា ១. រៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៤ ២. ពន្លឿនការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវសៀវភៅណែនាំស្តីពីស្តង់ដានីតិវិធីប្រតិបត្តិនៃការរៀបចំនិងការប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF ៣. រៀបចំថ្នាល គ្រប់គ្រងព័ត៌មានវិទ្យា (MIS) ដែលអនុញ្ញាតឱ្យក្រសួង ស្ថាប័នអាចរាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ៤. រៀបចំសៀវភៅណែនាំអំពីរបៀបប្រើប្រាស់ និងបញ្ចូលទិន្នន័យទៅក្នុងថ្នាលបច្ចេកវិទ្យា និងសិក្ខាសាលាបណ្តុះបណ្តាលជូនភាគីពាក់ព័ន្ធ ៥. ដាក់ឱ្យប្រើប្រាស់ផ្ទាំងវិភាគទិន្នន័យតាមប្រព័ន្ធអនឡាញក្នុងទម្រង់ទូលំទូលាយជាងមុន ដែលអនុញ្ញាតឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនអាចមានលទ្ធភាព ចូលទៅពិនិត្យមើលវឌ្ឍនភាពបាន និង ៦. បង្កើតគេហទំព័រសម្រាប់យន្តការ G-PSF៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×