ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ រួមគ្នាកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានដែលប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការសម្របខ្លួនឱ្យទាន់ការវិវឌ្ឍនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)។
ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ លោក ពុយ គា និងលោក Chavarong Limpattamapanee ព្រមទាំងសមាជិក ប្រតិភូបានចែករំលែកព័ត៌មានគ្នាទៅវិញទៅមកពីស្ថានភាពនៃវិស័យសារព័ត៌មានក្នុងប្រទេសទាំងពីរ និង បានពិភាក្សារកយន្តការនានា ដែលភាគីទាំងពីរអាចធ្វើបានក្នុងគោលបំណងជួយទប់ស្កាត់ និងកាត់បន្ថយការ ផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាននៃប្រទេសទាំងពីរ ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការ សម្របខ្លួនឱ្យទាន់ការវិវឌ្ឍនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)។
ប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃបានមកទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ដែលមានសមាជិកប្រតិភូ មកពីតំណាងស្ថាប័នសារព័ត៌មានធំៗរបស់ប្រទេសថៃចំនួន១១ស្ថាប័ន សមាគមអ្នកកាសែតថៃ រួមនឹងមន្ត្រី ទូតសរុបចំនួន១៤រូប។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះប្រតិភូ ក៏នឹងជួបពិភាក្សាការងារជាមួយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួងការបរទេសកម្ពុជា និងលោក ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជា អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។ ក្រៅពីនេះប្រតិភូ ក៏នឹងទៅទស្សនកិច្ចនៅខេត្តកំពត និងខេត្តកែបជា ពិសេសទៅចម្ការម្រេចក្នុងខេត្តកំពតផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




