ភ្នំពេញ ៖ របាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៤ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅ ១. វាស់វែង តាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មការងារ ២. លើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន លើការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធ និង ៣. តម្រង់ទិសដល់ការរៀបចំយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានា ព្រមទាំងយន្តការអនុវត្តជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង ស្របតាមការងារកែទម្រង់លើគ្រប់វិស័យ និងកាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវលទ្ធផលជោគជ័យនៃគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ ក្នុងរយៈពេលមិនដល់២ឆ្នាំផង គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) សម្រេចបានវឌ្ឍនភាពលើកិច្ចការសំខាន់ៗជាច្រើន ក្នុងការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការកសាង “ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ” ជាពិសេស ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ តម្រង់ទិស និងផ្តល់អនុសាសន៍ដល់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
របាយការណ៍នេះ គឺជារបាយការណ៍វឌ្ឍនភាពលើកទី១ ហើយការអនុវត្តការងារប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងស្របតាមស្តង់ដាអន្តរជាតិនេះ គឺជាកិច្ចការថ្មីមួយសម្រាប់រាជរដ្ឋាភិបាលផង គ.យ.ប. ផង និងក្រសួង ស្ថាប័នសាមីផង។
របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយឆ្លងកាត់ ៦ដំណាក់កាល រួមមាន ១. ការត្រៀម រៀបចំការប្រមូលរបាយការណ៍វឌ្ឍនភាព ២. ការប្រមូលរបាយការណ៍វឌ្ឍនភាព ៣. ការរៀបចំសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យ ៤. ការពិគ្រោះយោបល់កម្រិតបច្ចេកទេស ៥. កិច្ចប្រជុំពិគ្រោះយោបល់កម្រិតថ្នាក់ដឹកនាំ និង ៦. កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សា ដើម្បីផ្តល់អនុសាសន៍ណែនាំ និងការតម្រង់ទិសដៅការងារដល់ក្រសួង ស្ថាប័នដឹកនាំការអនុវត្ត សម្រាប់យកទៅអនុវត្តបន្ត ដើម្បីឈានសម្រេចបាននូវចំណុចដៅដែលបានកំណត់នៅក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហៅកាត់ថា “ក្របខ័ណ្ឌ M&E-PS1” ដែលទទួលបានការសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ៖សុទ្ធលី
