ភ្នំពេញ ៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។
ការកោតសរសើរនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ តាមបណ្តាញសង្គមផ្លូវការរបស់ United Nations in Cambodia បានសរសេរថា លោក Antonio Guterres ប្រមុខដឹកនាំ UN បានថ្លែងកោតសរសើរប្រទេសកម្ពុជា ថាជា ប្រទេសគំរូដ៏ល្អក្នុងការរក្សាបាននូវសន្តិភាព។
លោក Antonio Guterres បានថ្លែងចាត់ទុកកម្ពុជា ដែលធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០នាក់ចូលរួម។
លោក Antonio Guterres ក្នុងនាមជាប្រមុខអង្គការសហប្រជាជាតិ បានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី


