សៀមរាប ៖ ជនសង្ស័យចំនួន០២ នាក់ ត្រូវឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមមតិវិធីច្បាប់ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា(ធ្វេសប្រហែល មិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់)។
សមត្ថកិច្ចបានរៀបរាប់ពីដំណើររឿងថា ឈ្មោះ ភក្រ្តា ភេទ ប្រុស អាយុ៤៤ ឆ្នាំ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានជួលរោងការ ធុងបាស់ ពីឈ្មោះ ធូ សុវណ្ណថង (ម្ចាស់រោង និងម្ចាស់ធុងបាស់) ដោយមានឈ្មោះ រី សារ៉ាយ(ជាអ្នកស៊ីឈ្នួល ចាក់ ធុងបាស់ តភ្លើង សង់រោង)និងកម្មករ ០៣នាក់ទៀត មកតម្លើង និងដាក់ក្នុង កម្មវិធីការកូននៅផ្ទះ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។
ក្រោយពីតម្លើងរោង និងរៀបចំប្រព័ន្ទភ្លើង ព្រមទាំងធុងបាស់រួច ឈ្មោះ ធូ សុវណ្ណថង និងកូនចៅ០៣នាក់ទៀតបានត្រឡប់ទៅវិញ លុះដល់ព្រឹកថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៥ ម្ចាស់កម្មវិធីបានប្រាប់ ឈ្មោះ រី សារ៉ាយ អោយចាក់ធុងបាស់ រហូតដល់វេលាម៉ោង១៤:០០នាទី ថ្ងៃខែឆ្នាំដដែល មានគេមកប្រាប់ម្តងរួចទៅហើយ ថាមានខ្សែភ្លើងដាច់ហើយឆក់អ្នកដែលមកចូលរួមកម្មវិធី ក្រោយមក ឈ្មោះរី សារ៉ាយ បានយកខ្សែភ្លើងមានសភាពចាស់ ទៅដូរតែមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របពេលមានភ្លៀងរលឹមធ្លាក់មិនឈប់ផងនោះ នៅវេលាម៉ោង១៨:៣០ នាទីថ្ងៃខែដដែល ឈ្មោះ រី សារ៉ាយ បានដើរទៅបញ្ឆេះម៉ាស៊ីនភ្លើងដើម្បីបំភ្លឺ និងចាក់បាស់បន្ត ស្រាប់តែមានគេស្រែកប្រាប់ថា មានគេឆក់ខ្សែភ្លើងម្តងទៀតហើយ លឺភ្លាម ឈ្មោះ រី សារ៉ាយ ក៏រត់ទៅបិទគុប ភ្លើង ហើយទៅជួយលើកអ្នកដែលត្រូវខ្សែភ្លើងឆក់នោះ ដាក់ឡានបញ្ជូនទៅពេទ្យដើម្បីសង្គ្រោះ តែជន រងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ជនរងគ្រោះ ឈ្មោះ សួន ម្នី ភេទ ប្រុស អាយុ៤៤ ឆ្នាំ នៅភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
យោងតាមការបំភ្លឺរបស់ ក្រុមគ្រួសារជនរងគ្រោះ និងស្តាប់ការបំភ្លឺសាក្សីនៅកន្លែងកើតហេតុ ព្រមទាំងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ជនសង្ស័យចំនួន០២ នាក់ ទី១/ឈ្មោះ រី សារ៉ាយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ចាក់ធុងបាស់ ស្រុកកំណើតនិងទីលំនៅបច្ចប្បន្ន ភូមិ ខ្នារជោ ឃុំ ចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ( ប្រវត្តិទោសគ្មាន ) ។ ទី២/ឈ្មោះ ធូ សុវណ្ណចង ភេទ ប្រុស អាយុ ៣០ឆ្នាំមុខរបស មានរោងនិងធុងបាស សម្រាប់ជួលដាក់ក្នុងកម្មវិធីផ្សេងៗ ស្រុកកំណើត និងទីលំនៅបច្ចប្បន្ន ភមិ ខ្នាជោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមមតិវិធីច្បាប់ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា(ធ្វេសប្រហែល មិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់)។
បច្ចុប្បន្ន ជនត្រូវចោទទាំង០២ នាក់ខាងលើ ត្រូវបានចៅក្រម ស៊ើបសួរសម្រេចធ្វើការឃុំខ្លួនហើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




