ស្ទឹងត្រែង ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដោយបានពិនិត្យឃើញថា មានសារព័ត៌មាន និងអ្នកប្រើប្រាស់ បណ្តាញសង្គមមួយចំនួន លើកឡើងថាមានករណីដុតផ្ទះរបស់បុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលមានទីតាំងនៅ ភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។
ដោយផ្អែកលើការចុះផ្សាយទាំងនោះ មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ ដូចខាងក្រោម៖
១- កាលពីអំឡុងពេលខែកញ្ញា ឆ្នាំ២០២២ មានករណីឆេះខ្ទមចម្ការរបស់ឈ្មោះ អ៊ុក ម៉ៅ ស្ថិតនៅ ភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង និងការបំភ្លឺរបស់ឈ្មោះអ៊ុកម៉ៅ ជាម្ចាស់ខ្ទមចម្ការដែលបានឆេះខូចខាតនោះ ផ្នែកមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន បានចុះពិនិត្យ និងធ្វើការ ស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផលគឺកើតឡើងដោយទំនាស់បុគ្គល និងបុគ្គល ជុំវិញករណីរំលោភលើ សេចក្តីទុកចិត្តក្នុងការទិញដីប្រមាណ ៤៥ហិកតា ដែលឈ្មោះ អ៊ុក ម៉ៅ បានសន្យាថាលក់ទៅជូនភាគីម្ខាងទៀតបន្ទាប់ពីបានទទួលប្រាក់តាមដំណាក់កាលសរុបជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាក់ស្តែងឈ្មោះអ៊ុកម៉ៅ ទៅធ្វើខ្ទមតូចមួយនៅលើដីនោះដដែល ដោយទៅឈូសឆាយដីព្រៃនៅទីតាំងផ្សេងជូនទៅអ្នកទិញទៅវិញ។
២- ករណីនេះបានកើតឡើងនៅប្រហែល ៣ឆ្នាំមុន ហើយកាលនោះសមត្ថកិច្ចជំនាញក៏បានរៀបចំ ឯកសារលទ្ធផលនៃការចុះស្រាវជ្រាវជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ជាមួយអ្នកពាក់ព័ន្ធ និងសាមីខ្លួន ដោយបានអនុវត្តតាមនីតិវិធីជាធរមាន។
៣- សូមជម្រាបបញ្ជាក់ជូនថា ចំពោះឈ្មោះ អ៊ុក ម៉ៅ បានផ្លាស់ប្តូរទីកន្លែងរស់នៅពីមួយទៅមួយ ច្រើនលើកច្រើនសារ បន្ទាប់ពីលក់ដីចម្ការចាស់ទៅកាប់រានដីថ្មីរួចលក់ និងបន្តទៅតាំងទីលំនៅកន្លែងផ្សេងទៀត។
មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្ត សូមធ្វើការបដិសេធទាំងស្រុងចំពោះរាល់ព័ត៌មានដែលបានលើកឡើងថា មានករណីដុតផ្ទះឈ្មោះ អ៊ុក ម៉ៅ នាពេលថ្មីៗនេះក្នុងគោលបំណងណាមួយនោះ ដែលភាពជាក់ស្តែងគឺជា ទំនាស់បុគ្គលរបស់ឈ្មោះ អ៊ុក ម៉ៅ ក្នុងការរំលោភសេចក្តីទុកចិត្តក្នុងការទិញលក់ដីប៉ុណ្ណោះ។ ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវឱ្យអ្នកសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម មេត្តាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយជាសាធារណៈ ចៀសវាងការភាន់ច្រឡំដោយប្រការណាមួយ និងសូមជឿជាក់លើ ការចាត់វិធានការដ៏ម៉ឺងម៉ាត់ ហ្មត់ចត់ ឥតលម្អៀងរបស់អាជ្ញាធរមូលដ្ឋាន និងផ្នែកមានសមត្ថកិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

