Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​អន្តរជាតិ​រ៉ុស្សី​ បញ្ជូន​អតីតអ្នកឧក​ញ៉ា​ ហេង​ សុទ្ធី​ ពី​រ៉ុស្សី​ មក​កម្ពុជា​ , នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូន​ទៅ​តុលាការ

ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​ ២៥​ ខែឧសភា​ ឆ្នាំ​ ២០២៥​ នេះ​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជូន​ ហេង​ សុទ្ធី​ ទៅ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ។ អតីតអ្នកឧកញ៉ា​ ហេង​ សុទ្ធី​ បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​ និង​ គំរាមកំហែង​ជំរឹត​ទារប្រាក់​ពី​អ្នក​វិនិយោគ​បរទេស​រាប់​រយលាន​ដុល្លារ​ និងមាន​បណ្តឹង​ជាច្រើន​ទៀតដែល​ជនរងគ្រោះ​បានប្ដឹង​ ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។

បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

លោកបានបន្ថែមថា តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធិ នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ អនុលោមតាមច្បាប់ប្រទេសរុស្ស៊ី និងច្បាប់ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានជូនព័ត៌មានទៅក្រសួង យុត្តិធម៌ ដែលមានសមត្ថកិច្ចជាអាជ្ញាធរកណ្តាល និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមទាំងស្ថានទូត រុស្ស៊ីប្រចាំកម្ពុជា ដើម្បីបំពេញបែបបទស្នើសុំធ្វើបត្យាប័នបុគ្គលត្រូវចោទ ហេង សិទ្ធី យកមកជំនុំជម្រះទោសតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ពេលនេះ បុគ្គល ហេង សិទ្ធី កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដើម្បីមានចំណាត់ការបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×