Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនអតីត អ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធបទល្មើសគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស

បន្ទាប់ពីសាកសួររួចចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអតីត អ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស ( ម១ ) ពាក់ព័ន្ធបទល្មើសគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក យី សុខតូច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន។ បានឃើញ៖ សំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៦៤២៧៧៧ មុខរបរ ពាណិជ្ជករ ទឹកន្លែងកំណើតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួននៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ-គ្មាន។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅប្រទេស កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃ ក្រមព្រហ្មទណ្ឌ។

លោកចៅក្រមបង្គាប់

១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុង ករណីចាំបាច់។

ព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូន ហេង សុទ្ធី ទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ អតីតអ្នកឧកញ៉ា ហេង សុទ្ធី បានប្រព្រឹត្តបទល្មើសឆបោក និង គំរាមកំហែងជំរឹតទារប្រាក់ពីអ្នកវិនិយោគបរទេសរាប់រយលានដុល្លារ និងមានបណ្តឹងជាច្រើនទៀតដែលជនរងគ្រោះបានប្ដឹង ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។

បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

លោកបានបន្ថែមថា តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធិ នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ អនុលោមតាមច្បាប់ប្រទេសរុស្ស៊ី និងច្បាប់ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានជូនព័ត៌មានទៅក្រសួង យុត្តិធម៌ ដែលមានសមត្ថកិច្ចជាអាជ្ញាធរកណ្តាល និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមទាំងស្ថានទូត រុស្ស៊ីប្រចាំកម្ពុជា ដើម្បីបំពេញបែបបទស្នើសុំធ្វើបត្យាប័នបុគ្គលត្រូវចោទ ហេង សិទ្ធី យកមកជំនុំជម្រះទោសតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ពេលនេះ បុគ្គល ហេង សិទ្ធី កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដើម្បីមានចំណាត់ការបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×