កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមរួមនិងសហការីជាច្រើននាក់បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពផ្លូវថ្នល់កសាងដោយអភិវឌ្ឍន៍ជនបទនៅឃុំបឹងណាយ ស្រុកព្រៃឈរនិងផ្លូវមួយខ្សែទៀតនៅក្នុងស្រុកបាធាយដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដែលតម្រូវការឲ្យជួសជុលបន្ទាន់សម្រាប់បម្រើប្រយោជន៍សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នេះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្តចំពោះមូលដ្ឋានដោយធ្វើយ៉ាងណាឱ្យសេវាក្នុងការដឹកជញ្ជូនមានភាពល្អប្រសើរ។
លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឲ្យដឹងនារសៀលថ្ងៃទី ២៥ឧសភាថា: កន្លងមកដោយមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់។ដោយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ថាបនាផ្លូវថ្នល់មួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ពិនិត្យមើលពីវឌ្ឍនភាពនិងសោភ័ណភាពផ្លូវដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ ដោយបានដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត
កំពង់ចាម ហ្នឹងផ្លូវចាស់មួយខ្សែទៀតប្រវែង១៣គីឡូម៉ែត្រ ដែលមានសភាពទ្រុឌទ្រោមនៅឃុំបឹងណាយ ដោយមានគ្រឿងចក្ររបស់កម្លាំងវិស្វកម្មធ្វើការជួសជុលសម្រាប់ឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ប្រយោជន៍ធ្វើយ៉ាងណាឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែងនិងនាំគ្នាទប់ស្កាត់រថយន្តធំៗបើកឆ្លងកាត់លើសទម្ងន់។
ជាមួយនឹងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោលគឺ ការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ដូច្នេះផ្លូវ ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ផ្លូវមួយខ្សែនោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់មួយមកកាន់តំបន់មួយទៀតជាពិសេសគឺទីផ្សារតែម្ដង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











