ភ្នំពេញ ៖ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំដល់ លោក ណុប សក្កដា ហៅលោកគ្រូផេះគ្រូអង្កាម ឱ្យបញ្ឈប់ការបង្ហោះវីដេអូសកម្មភាពនិងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម នៅតាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ដោះអំពើ ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
កាលពីថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជ ធានីភ្នំពេញ ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារចុះធ្វើការសម្រប សម្រួលណែនាំ ដល់លោក ណុប សក្កដា ហៅលោកគ្រូផេះគ្រូអង្កាម ស្ថិតនៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម លោក ទេព គង្គា ក្នុងនាមប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានធ្វើការ ណែនាំ ដោយយោងទៅលើច្បាប់ស្តីអំពីសិទ្ធិសេរីភាព និងការធ្វើសកម្មភាពគោរពប្រតិបត្តិជំនឿសាសនានៅព្រះ រាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់ក្រសួងធម្មការនិងសាសនា ជាពិសេសប្រសាសន៍ណែនាំដោយ ផ្ទាល់ពី ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដល់លោក ណុប សក្កដា ហៅគ្រូ ផេះគ្រូអង្កាម ការធ្វើសកម្មភាពគោរពជំនឿកុំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តថភាពសង្គម និង សាសនាដទៃ។
លោក ណុប សក្កដា បានឆ្លើយតប និងបញ្ជាក់ដូចខាងក្រោម៖
-លោកពិតជាបានបង្ហោះវីដេអូ និងរូបភាពសកម្មភាពព្យាបាលជំងឺ ដោះអំពើ ស្រោចទឹក ប្រសិទ្ធិមន្ត គាថាផ្សេងៗ ។ល។ លើប្រព័ន្ធបណ្តាញសង្គមពិតមែន។ ម្យ៉ាងទៀត រូបភាពសកម្មភាពមួយចំនួន ជារូបភាព ចាស់ៗដែលអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមបានចែករំលែកតៗគ្នា និងខ្លះទៀតបានយកទៅផុស្តិ៍ ឡើងវិញថែមទៀត។
-លោកយល់ព្រម និងឯកភាពតាមការណែនាំរបស់លោកប្រធានមន្ទីរធម្មការនិងសាសនារាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹងលុបវីដេអូ និងរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម ទាំងអស់ចេញ។
-បញ្ឈប់ការបង្ហោះវីដេអូ រូបភាពសកម្មភាពនៅលើប្រព័ន្ធបណ្តាញសង្គម (Facebook, Instagram, TikTok, Telegram, Whatsup, Cool App ។ល។)។
-សូមអំពាវនាវដល់បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមទាំងអស់ សូមបញ្ឈប់យករូបភាព របស់ខ្ញុំបាទ ទាំងចាស់ ទាំងថ្មី ទៅបង្ហោះចែកចាយតាមបណ្តាញសង្គមបន្តតទៅទៀត និងសូមបងប្អូនអ្នក លេងបណ្តាញសង្គមទាំងអស់ លុបវីដេអូ និងរូបភាពដែលបានបង្ហោះទាំងចាស់ ទាំងថ្មីចេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





