Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋម្ចាស់បំណុលដែលតវ៉ាជាថ្មី អះអាងថា អតីតឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស នៅជំពាក់បំណុលប្រជាពលរដ្ឋរាប់ម៉ឺននាក់ គិតជាសាច់ប្រាក់ ទាំងការប្រាក់ និងប្រាក់ដើម រាប់សិបលានដុល្លារឯណោះ ធ្វើឱ្យពលរដ្ឋឈឺចិត្តស្លាប់ជិត ៣០នាក់ហើយ ! 

ភ្នំពេញ ៖ ប្រជាពលរដ្ឋម្ចាស់បំណុល រាប់រយនាក់ ក្នុងចំណោមរាប់ម៉ឺននាក់ បានជួបជុំគ្នាសាជាថ្មី កើតទុក្ខមិនសុខចិត្ត ចំពោះ អតីតឧកញ៉ា ហ៉ី គឹមហុង ដែលមានសេរីភាពចាយលុយបំណុលប្រជាពលរដ្ឋរាប់សិបលានដុល្លារ ដើរហើរ ហ៊ឺហា លើផ្ទៃប្រទេស គ្មានខ្វល់រឿងសងលុយត្រឡប់ទៅឱ្យប្រជាពលរដ្ឋវិញនោះទេ ខណៈដែលថ្នាក់ដឹកនាំសមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាភ្លេចរឿងនេះ គឺរឿង អតីតឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បង្កើតគម្រោងវិនិយោគដីធ្លី ភ្ជាប់ជាមួយការទិញដី ផ្ដល់ការប្រាក់ត្រឡប់ទៅវិញ ធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ឈ្លក់វង្វេង ភ្លូកទឹកភ្លូកដី ខ្លះយកប្លង់ផ្ទះ និងដីធ្លីស្រែ-ចម្ការរបស់ខ្លួន ទៅបញ្ចាំធនាគារ យកលុយទៅទិញដីរបស់អតីតឧកញ៉ារូបនេះ ដោយសង្ឃឹមថា បានការប្រាក់ត្រឡប់វិញ… បានមែន ! ប៉ុន្តែបានពីដំបូងប៉ុណ្ណោះ ក្រោយមក ក៏បាត់ទៅ បាត់ទៅ… ការប្រាក់ ក៏សូន្យឈឹងតែម្ដង រហូតមកដល់បច្ចុប្បន្ន , រីឯប្រជាពលរដ្ឋ ចេះតែខូចចិត្ត ឈឺចិត្តស្លាប់ជាបន្តបន្ទាប់ទាំងប្រាក់បំណុលរបស់ខ្លួនមិនត្រូវបានក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៉ី គីមហុង សងត្រឡប់មកវិញឡើយ។

សូមរំលឹកឡើងវិញបន្តិចថា អតីតឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងភរិយា ព្រមទាំងក្រុមអង្គរក្សសរុប ១៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺចុះឃាត់ខ្លួននៅទីតាំងក្រុមហ៊ុនពិភពដីមាសតែម្ដង ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្នុងការបញ្ចុះបញ្ចូលឱ្យដាក់ទុន ទិញដីឡូត៍ពីក្រុមហ៊ុននេះ ១ប្លង់ចាប់ពី ១ម៉ឺនដុល្លារទៅ ១ម៉ឺន៦ពាន់ដុល្លារ និងថា ក្រុមហ៊ុនបង្វិលការប្រាក់ជូនប្រជាពលរដ្ឋត្រឡប់វិញ ខ្លះ៥% ខ្លះ៤% ខ្លះ៣% ជាដើម ប៉ុន្តែក្រោយមកមិនបានបង្វិលការប្រាក់ទាំងនេះ ទៅឱ្យប្រជាពលរដ្ឋវិញទេ ខ្លះ៣ខែ ខ្លះ៤ខែ ខ្លះ៥ខែ ខ្លះលើសនេះទៀត និងស៊ីដាច់លុយទាំងការប្រាក់ និងប្រាក់ដើមរបស់ប្រជាពលរដ្ឋយ៉ាងរំភើយ សរុបទៅ រាប់សិបលានដុល្លារឯណោះ។

ក្រោយការឃុំខ្លួនមួយរយៈកាល អតីតឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងភរិយា ត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពនៅក្រៅឃុំវិញ ក្រោមហេតុផលថា ទុកឱ្យ អតីតឧកញ៉ា ហ៉ី គឹមហុង រូបនេះ មានលទ្ធភាពស្វែងរកប្រាក់សងបំណុលប្រជាពលរដ្ឋ។ ក្រោយមកទៀត ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ត្រាស់បង្គាប់​បញ្ចប់​គោរមងារ «អ្នកឧកញ៉ា» ពី​អ្នកឧកញ៉ា ហ៊ី គឹមហុង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ , នេះ​បើ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៤២៤/៣៤១ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

រឿងបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋដាក់ទុន ទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាស ក្នុង ១ប្លង់ចាប់ពី ១ម៉ឺនដុល្លារទៅ ១ម៉ឺន៦ពាន់ដុល្លារ និងថា ក្រុមហ៊ុនបង្វិលការប្រាក់ជូនប្រជាពលរដ្ឋត្រឡប់វិញ ខ្លះ៥% ខ្លះ៤% ខ្លះ៣% នេះ តាមប្រជាពលរដ្ឋប្រាប់ថា មានស្ទើរតែគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជាទៅហើយ, ប៉ុន្តែល្បិចរបស់ក្រុមហ៊ុននេះ មិនចង់ឱ្យប្រជាពលរដ្ឋជួបជុំគ្នាតវ៉ានៅតាមបណ្ដាខេត្តនីមួយៗនោះឡើយ ព្រោះអាចនឹងធ្វើឱ្យសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំ ក៏ដូចជាមហាជន មើលឃើញថា អំពើបោកប្រាស់នោះ មានគ្រប់ទិសទីពេក ដូច្នេះ គេឱ្យប្រជាពលរដ្ឋម្ចាស់បំណុលនៅតាមបណ្ដាខេត្តនានា មកជួបជុំគ្នា នៅឯទីតាំងកណ្ដាលរបស់ក្រុមហ៊ុនវិញ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ករណី អតីតឧកញ៉ា ហ៉ី គីមហុង នេះដែរ ក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួន ដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋជាច្រើនរយនាក់ និងដែលអះអាងថា បានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារឯណោះ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេះមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចនៅឯភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ តែម្ដង, ហើយបន្ទាប់ពីបានរស់នៅយ៉ាងមានសេរីភាពនៅក្រៅឃុំ អតីតឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស មិនបានសងការប្រាក់ និងប្រាក់ដើមត្រឡប់ទៅឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់វិញនោះទេ ទើបបានពួកគេ ធ្វើការតវ៉ាម្ដងហើយម្ដងទៀត ឥតឈប់ឈរ និងស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល មេត្តាជួយជំរុញភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋផង៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×