បណ្តារូបភាពផ្កាយរណបថ្មីបំផុត ថតតំបន់ព្រៃត្រូពិច នៅកម្ពុជាពុំបានរកឃើញសាកសព MH 370 ដែលបានបាត់ស្រមោលកាលពី ៤ឆ្នាំមុន ដូចការប្រកាសរបស់អ្នកជំនាញការអង់គ្លេសថ្មីៗនេះទេ ។
រូបភាពផ្កាយរណបចិន ថតព្រៃត្រូវពិចនៅកម្ពុជា ។
តាម Global Times ក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប Chang Guang របស់ចិន បានប្រើប្រាស់ផ្កាយរណបពាណិជ្ជកម្ម ១០ ដើម្បីថតតំបន់ព្រៃត្រូពិចនៅកម្ពុជា -កន្លែងដែលថាបានឃើញសាកសពរបស់ MH 370 របស់ម៉ាឡេស៊ី បានបាត់ស្រមោលសូន្យឈឹងមុននេះ ៤ឆ្នាំ ។ ពួកគេក៏ពុំបានពិនិត្យឃើញបំណែកយន្តហោះ MH 370 អ្វីមួយដែរ រហូតដល់ល្ងាចថ្ងៃទី ៦ ខែកញ្ញា នៅតំបន់នោះ ។
ការស្វែងរករបស់ក្រុមហ៊ុនចិន ប្រព្រឹត្តទៅបន្ទាប់ពីប្រព័ន្ធព័ត៌មានបានចុះផ្សាយពីករណីអ្នកជំនាញការបច្ចេកវិទ្យាអង់គ្លេស Ian Wilson ថា បានចំណាយពេលជាច្រើនស្វែងរកតាម Google Map នាខណៈពេលកើតហេតុ ហើយបានរកឃើញដានតម្រុយរបស់ MH 370 កំពុងស្ថិតនៅព្រៃត្រូពិចមួយ នាប្រទេសកម្ពុជា ។
តាម Wei Shu នាយកការិយាល័យក្រុមហ៊ុន Chang Guang នៅខេត្ត Jilin ប្រទេសចិននោះបណ្តារូបភាពថ្មីបំផុតរបស់ផ្កាយរណបពុំបានរកឃើញអ្វីដូចដែល Ian Wilson ប្រកាសទេ ។ ក្រុមហ៊ុននឹងថតបន្ថែមរូបភាពផ្កាយរណបមួយចំនួនទៀត ដើម្បីស៊ើបបញ្ជាក់លទ្ធផលនេះ ។
គួររំលឹកថា មុននោះ Angkor Times គេហទំព័រភាសាចិនមានស្នាក់ការនៅកម្ពុជា កាលពីថ្ងៃទី ៧ ខែកញ្ញា ឲ្យដឹងថា យន្តហោះដែលអ្នកជំនាញការ Ian Wilson រកឃើញនៅលើ Google Maps ពុំមែនជា MH 370 ទេ តែវាអាចជាយន្តហោះមួយ បានធ្លាក់កាលពី ២០ឆ្នាំមុន ។ តាមលោក Wei បណ្តារូបភាព និង Video ថតបានពីផ្កាយរណបរបស់ក្រុមហ៊ុន ត្រូវផ្ទាំងពពកបាំងប្រមាណ ៧៦% ទើបពិបាកសម្គាល់បានពីអ្វីៗកើតឡើងលើផ្ទៃដី ។
យន្តហោះដែលអ្នកជំនាញការ Ian Wilson រកឃើញ មានប្រវែងប្រហាក់ប្រហែលនឹង MH 370 ។
យោបល់ជាច្រើន បានបដិសេធការប្រកាសរបស់លោក Ian Wilson ព្រោះថាបើដូច្នេះមែននោះ កងទ័ពកម្ពុជាប្រាកដជាបានចាប់អារម្មណ៍តាំងពីពេលធ្លាក់ម្លេះ។
មុននោះនៅពេល MH 370 បាត់ស្រមោលភ្លាម គេបានពិនិត្យឃើញប្រេងលើផ្ទៃសមុទ្រ ជាហេតុនាំឲ្យការរុករកផ្តោតសំដៅលើតំបន់សមុទ្រ ហើយរំលងចោលតំបន់ព្រៃ ។
Wang Yaman អគ្គនិពន្ធនាយកទស្សនាវដ្តី Aerospace Know ledy ប្រាប់នៅ Global Times ថា ក្រុមហ៊ុនចិនគួរគប្បីបន្តស៊ើបបញ្ជាក់ការលើកឡើងរបស់ Ian Wilson ។ ប៉ុន្តែប្រសិនប្រើតែរូបភាពផ្កាយរណបនោះ វាពុំគ្រប់គ្រាន់ទេ។ ហេតុនេះក្រុមហ៊ុនគួរគប្បីចាត់ក្រុមការងារស្វែងរកលើផ្ទៃដី បែបអាជីពដើម្បីជម្រះមន្ទិលសង្ស័យ ។
ចំណែកលោក Wilson វិញ ក៏មានផែនការប្រើឧត្ថម្ភាចក្រតាមស្វែងរក MH 370 នៅតំបន់ព្រៃកម្ពុជា តែវាបង្កប់គ្រោះថ្នាក់ច្រើន ៕ ចន្ទ្រា