ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២៦។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនពេលសម្តេចធិបតីអញ្ជើញទៅដល់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។
ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នឹងបន្តកសាងលើសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់ហ្វីលីពីន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានមួយដែលផ្តោតលើប្រជាជន មានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។
កិច្ចប្រជុំនេះក៏នឹងផ្តល់វេទិកាសំខាន់សម្រាប់មេដឹកនាំអាស៊ាន ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ពន្លឿនការកសាងសហគមន៍អាស៊ាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ និងចាប់យកឱកាសថ្មីៗ។
ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងប្រទេសដៃគូផងដែរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






