ដោយចេះអភិវឌ្ឍប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ស្មូមសម័យបច្ចេកវិទ្យា អាចរកបានចំណូលដល់ទៅ ៤៥០០យាន់ (ជាង ១០០USD) ក្នុង ១សប្តាហ៍ ដោយពុំចាំបាច់ប៉ះពាល់ដល់លុយដ៏… កខ្វក់ទៀតឡើយ ។
ពាណិជ្ជកម្មអេឡិចត្រូនិច និង QR code នៅចិនបានធ្វើឲ្យសង្គមប្រែប្រួល សូម្បីតែ… សង្គមស្មូមក៏ដោយ ។
ឥណ្ឌាជាប្រទេសមួយនាំមុខពីការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចជាមួយនិន្នាការ “កម្ចាត់សាច់ប្រាក់” ចេញ តាំងពីប៉ុន្មានឆ្នាំកន្លងមក ។ ប៉ុន្តែសមិទ្ធផលរបស់ឥណ្ឌាពុំទាន់អាចប្រៀបផ្ទឹមនឹងកម្រិតនៃការអភិវឌ្ឍន៍ “ខ្លាំងក្លា” ដូចការទូរទាត់អេឡិចត្រូនិចនៅចិនឡើយ ។
កាសែត Business Today ឲ្យដឹងថា សូម្បីតែរបរស្មូមនៅប្រទេសចិន ក៏កំពុងប្តូរទម្លាប់ និងរបៀប “រកស៊ី” របស់ខ្លួនស្របនឹងចលនាប្រែប្រួលទូទៅរបស់សង្គម ។
ក្រុម “ស្មូមបច្ចេកវិទ្យា” ទាំងនេះ ច្រើនប្រទះឃើញនៅតាមទីតាំងសម្បូរមនុស្សជាអាទិ៍ ស្ថានីយរថភ្លើង ព្រលានយន្តហោះ រមណីយដ្ឋានទេសចរណ៍។ល។ ហើយពួកគេប្រើស្លាកសញ្ញាមួយបោះពុម្ព QR code ជំនួសឲ្យផ្តិល ចាន “ដើម្បីសម្គាល់និងដាក់លុយ” បំណងបង្កើតចំណូលលុយពីអ្នកដំណើរ ព្រោះថា ពលរដ្ឋចិនស្ទើរទាំងអស់ពេលនេះបានប្តូរទៅកាន់របៀបទូទាត់អនឡាញ ហើយលែងចង់ទម្លាប់យកលុយតាមខ្លួនហើយ ។
ដើម្បីឲ្យលុយដល់ស្មូមទាំងនេះ “សម្បុរសជនគ្រាន់តែបើកកាមេរ៉ាលើ Smart Phone ដើម្បីស្កែន QR code រួចចុចទឹកប្រាក់ដែលខ្លួនចង់ឲ្យជាការស្រេច ។ លុយអេឡិចត្រូនិចរបស់ពួកគេនឹងត្រូវបានផ្ទេរតាមរយៈ Alipay របស់ Alibaba ឬ Wechat Wallet របស់ Tencent ។ ដូច្នេះពិតណាស់ដែល “ស្មូមបច្ចេកវិទ្យា” ក៏ត្រូវមានគណនីអេឡិចត្រូនិច្ចរបស់ខ្លួន ហើយនិង Smart Phone ផងដែរទើបទទួលបានលុយនោះ ។
ទិដ្ឋភាពក្លាយជាធម្មតានៃ “ស្មូមបច្ចេកវិទ្យា” នៅចិន ។
តាមកាសែត China Channel ក្រុម “ស្មូមបច្ចេកវិទ្យា” នៅអាចរកចំណូលបន្ថែមពីលើនោះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជំនួញក្នុងតំបន់ ។ ជាក់ស្តែងគេអាចឲ្យពី ០,៧-១,៥ យាន់ សម្រាប់ QR code ដើម្បីប្រមូលទិន្នន័យពីប្រើប្រាស់ ក្រោយមកបញ្ជូនសារពាណិជ្ជកម្មទៅកាន់អាសយដ្ឋានទាំងនោះ តាមរយៈ Wechat ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្មូមទាំងនោះអាចរកបានប្រាក់ដល់ទៅ ៤៥០០យាន់ ក្នុង១សប្តាហ៍ “ប្រមាណជាង ៦០០ USD” ប្រហាក់ប្រហែល និងចំណូលជាមធ្យមរបស់កម្មករម្នាក់នៅចិន ទោះបីពួកគេពុំចំណាយកម្លាំងច្រើនប៉ុន្មានឡើយ ៕ ចន្ទ្រា