ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖
១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។
៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។
៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។
៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥។
៦-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។
៧-ផ្សេងៗ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទីព្រឹក បន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ខាងលើនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








