ទីក្រុងសេអ៊ុល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Jo Won-Yong នាយកប្រតិបត្តិស្ថាប័នទេសចរណ៍ខេត្ត Gyeonggi និងសហការី ចូលជួបសម្តែងការគួរសម ស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្ត Gyeonggi ដ៏ធំ និងមានប្រជាជនច្រើនជាងគេក្នុងប្រទេសកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកប្រធាន និងសហការី ពីសភាពការណ៍ពិតពីនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាន ជាពិសេសគឺសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាចាប់តាំងពីប្រាង្គប្រាសាទដ៏ល្អវិចិត្ររាប់ពាន់នៅពាសពេញផ្ទៃប្រទេស គោលដៅទេសចរណ៍ដ៏សំបូរបែបចាប់ពីតំបន់អេកូទេសចរណ៍ដ៏ស្រស់បំព្រង ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាស ដែលជាទីគាប់ចិត្តរបស់អ្នកទេសចរគ្រប់វ័យ និងគ្រប់រសនិយម។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានយល់ស្របគ្នាលើការសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយហេតុថាទាំងកម្ពុជា និងខេត្ត Gyeonggi សុទ្ធតែមានសក្តានុពលខ្ពស់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់គ្នាទៅវិញទៅមក ជាពិសេសគឺការស្វែងរកគោលដៅទេសចរណ៍ដែលមានលក្ខណៈពិសេសធម្មជាតិ និងបេតិកភណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









