ភ្នំពេញ ៖ ឯកឧត្តមឃឹម ហ្វីណង់ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៧ខែមិថុនានេះ បានថ្លែងលើបណ្តាញសង្គមថា ដឹងថាបុគ្គលម្នាក់នេះចង់កេងចំណេញនយោបាយ ហើយក៏មិនដែលចេះផុសអ្វីក្រៅពីវាយប្រហារស្ទើរតែរាល់ថ្ងៃដែរ តែដឹងទេថានរណាជាអ្នកខាតបង់ពិតប្រាកដពីការផ្សព្វផ្សាយបែបនេះ? រដូវកាលប្រមូលផលធំទុរេនក្នុងស្រុកទើបតែឈានមកដល់ តើចង់បំភ័យកុំឱ្យមានអ្នកហ៊ានទិញទុរេនខ្មែរហូបឬយ៉ាងណា?
ឯកឧត្តមឃឹម ហ្វីណង់ បានបញ្ជាក់ថា ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ចង់បង្ហាញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការនាំចូលទុរេនជ្រលក់សារធាតុហាមឃាត់ពណ៌លឿង ដែលរាជរដ្ឋាភិបាលបានចាត់វិធានការរឹតបន្តឹងយ៉ាងមុឺងមាត់តែប៉ុណ្ណោះ មិនសំដៅលើករណីទូទៅ ឬកសិផលដទៃឡើយ។ យើងគួរតែសាទរដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានប្រតិកម្មទាន់ពេលវេលា និងហាមឃាត់មិនឱ្យទុរេនទាំងនោះអាចលួចនាំចូលមកកម្ពុជាយើងបាន ហើយសាររបស់ឯកឧត្តមរដ្ឋមន្ត្រី គឺគ្មានអ្វីក្រៅពីបង្កើនទំនុកចិត្តរបស់អ្នកទិញហូប និងផ្តល់គាំទ្រដល់បងប្អូនអ្នកដាំទុរេនក្នុងស្រុក ដែលទើបចាប់ផ្តើមប្រមូលផលធំនោះឡើយ។
ឯកឧត្តមឃឹម ហ្វីណង់ បានបន្តទៀតថា “រឿងបន្លែត្រីសាច់នាំចូលដែលអាចមានសារធាតុគីមី យើងនឹងបន្តធ្វើការជាមួយគ្នានិងស្វែងរកដំណោះស្រាយបន្ថែមបន្តទៀត តែសម្រាប់ការទប់ស្កាត់ទុរេនដែលមានជ្រលក់សារធាតុហាមឃាត់នេះ រាជរដ្ឋាភិបាលជឿជាក់ថាយើងអាចគ្រប់គ្រងបាន ហើយយើងអាចទិញទុរេនក្នុងស្រុកហូបបានប្រកបដោយទំនុកចិត្ត។ ខ្ញុំជ្រើសរើសយកភាពជឿជាក់បែបនេះ ដើម្បីបង្ហាញការគាំទ្ររបស់ខ្ញុំដល់បងប្អូនកសិករអ្នកដាំទុរេនរបស់យើងទាំងអស់គ្នា ដាច់ខាតមិនធ្វើបាបអ្នកដាំទុរេនរបស់យើងនោះទេ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី








