Wednesday, June 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដុតសំណល់ប្លាស្ទិកនៅទីវាល មានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់មនុស្សជាតិ

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងរម្លឹកប្រាប់ទៅប្រជពលរដ្ឋថា ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក វាធ្វើឱ្យមានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺសមស្របទៅនឹងបរិបទរបស់ពិភពលោក ដែលកំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។

ដោយឡែក, ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមជាំង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, លោក ខ្វៃ អាទិត្យា ថ្លែងថា ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណ ២៩លានតោន ក្នុងឆ្នាំ២០៤០។

ការបំពុលដោយប្លាស្ទិកនេះ បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម, ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់មនុស្សជាតិ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×