ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលមានចំណងជើងថា៖ ពុះពារ ភាពមិនប្រាកដប្រជា បានលើកឡើងថា ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍បច្ចុប្បន្ននេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។
ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។
ធនាគារពិភពលោក បានលើកអនុសាសន៍ដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា «ពុះពារ ភាពមិនប្រាកដប្រជា» ដែលមានផ្នែកផ្តោតសំខាន់មួយក្រោមចំណងជើងថា «ការពង្រឹងចំណូលសម្រាប់អនាគតកម្ពុជា»។ ចេញផ្សាយនៅថ្ងៃនេះ របាយការណ៍បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបានបន្ថែមថា៖ «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បានកើនឡើង ១៦,១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុងឆ្នាំ២០១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។
ពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាមេរិក។កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើងដល់ ១៩,០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រកាន់តែខ្ពស់ជាងមុន។
ផ្នែកផ្តោតពិសេសក្នុងរបាយការណ៍នេះ ពិនិត្យមើលថាតើកំណែទម្រង់ពន្ធដារអាចធ្វើបានដូចម្តេចខ្លះក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ច កាន់តែមានអំណោយផលដល់កំណើនសេដ្ឋកិច្ច ហើយស្របគ្នានោះ បង្កើតឱ្យមានលំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ — ដែលជាគន្លឹះសម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ ផ្នែកនេះនៃរបាយការណ៍ បានលើកឡើងនូវទិដ្ឋភាពប្រទាក់ក្រឡាគ្នាបីយ៉ាង ដែលបញ្ជាក់ពីសារៈសំខាន់នៃកំណែទម្រង់គ្រប់ជ្រុងជ្រោយ។ ទិដ្ឋភាពទាំងនោះមាន៖ ការកៀរគរធនធានឱ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបសេចក្តីត្រូវការវិនិយោគអភិវឌ្ឍន៍សំខាន់ៗ, ការពង្រឹងបរិយាកាសធុរកិច្ចតាមរយៈប្រព័ន្ធពន្ធដារដែលមានប្រសិទ្ធផល និងអាចព្យាករបានកាន់តែល្អជាងបច្ចុប្បន្ន, និងការលើកកម្ពស់សមធម៌ដោយធានាឱ្យមានការបែងចែកបន្ទុកពន្ធដារប្រកបដោយយុត្តិធម៌ និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




