Monday, June 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ចាមត្រៀមផ្ដល់ឱកាសការងារឲ្យពលករត្រឡប់ពីប្រទេសថៃទទួលបានប្រាក់ខែចាប់ពី ២២៥ដុល្លារឡើងទៅ

ខេត្តកំពង់ចាម: រាល់ថ្ងៃមានរោងចក្រសហគ្រាសធំៗចំនួន២៧កន្លែងកំពុងតែបើកទ្វារចាំទទួលពលករដែលចង់ចូលបម្រើការងារដោយប្រាក់ខែទទួលបានក្នុងរង្វង់២២៥ដុល្លារទៅ១០០០ដុល្លារក្នុងមួយខែតាមជំនាញរបស់ខ្លួន។នេះជាការលើកឡើងពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តនៅក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៨ក្រោមប្រធានបទ “ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន”នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដោយធ្វើឡើងនាព្រឹកថ្ងៃទី១៥មិថុនាឆ្នាំ ២០២៥ ជាមួយនោះមានការចូលរួមពីសំណាក់ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសិស្សនិស្សិតចូលរួមច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: តាមរយៈសាលាបណ្ដុះបណ្ដាលនេះគឺពិតជាបានផ្ដល់ជំនាញពិតប្រាកដដល់យុវជន សំខាន់យុវជនម្នាក់ត្រូវតែមានជំនាញយ៉ាងតិចណាស់ក៏មួយដែរ។ ដើម្បីឈានឆ្ពោះទៅក្នុងឱកាសនៃការងារតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញដោយយុវជនចំនួនមួយលាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រនិងគ្រួសារហានិភ័យឬពាក់ព័ន្ធផ្សេងៗទៀតដែលគ្មានការងារធ្វើគ្រួសារក្រីក្រត្រូវធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានជំនាញការងារធ្វើ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា ជាមួយនោះរាជរដ្ឋាភិបាលបានដាក់ចេញដោយបានបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមាននៅតាមបណ្ដារាជធានីខេត្តសម្រាប់ផ្ដល់ឱកាសក្នុងការជ្រើសរើសយុវជនឲ្យបានចូលរៀនជំនាញនីមួយៗដែលមានរយៈពេល៤ខែទៅ៦ខែហើយសិក្ខាកាមម្នាក់ៗ ទទួលបានប្រាក់ខែចំនួន២៨ម៉ឺនរៀល ក្នុងមួយខែ។សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០២៤ដល់ ២០២៥នេះ នៅសាលាបណ្ដុះបណ្ដាលបានទទួលសិកាមជាង១០០០នាក់ ជាមួយនោះក៏មានអ្នកខ្លះបានចេញទៅប្រកបការងារអាជីពរបស់ខ្លួនតាមក្រុមហ៊ុនឬបើកអាជីវកម្មដោយខ្លួនឯង ដើម្បីទទួលបានប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងហើយដឹងទៀតថាសម្រាប់នៅក្នុងខេត្តកំពង់ចាមទាំងមូលក្នុងនោះមានគ្រួសារក្រីក្រជាង៧៧០០០គ្រួសារ ហើយតាមរយៈសាលាបណ្ដុះបណ្ដាលនេះគឺជាឱកាសមួយអាចឲ្យពួកគាត់បានចុះឈ្មោះមកចូលរៀនយកជំនាញ។ជាមួយនោះក៏មានពលករពលការិនីដែលបម្រើការងារនៅប្រទេសថៃ ក្នុងស្ថានភាពតានតឹងពីវិវាទព្រំដែនកម្ពុជា-ថៃ ដែលត្រៀមនិងវិលត្រឡប់មកស្រុកកំណើតវិញ។ហើយរដ្ឋបាលខេត្តកំពង់ចាមក៏បានត្រៀមរថយន្តចំនួន៤០ គ្រឿង ដើម្បីទៅដឹកពួកគាត់ដែលវិលត្រឡប់មកវិញតាមច្រកខេត្តកោះកុង ពោធិ៍សាត់ បន្ទាយមានជ័យនិងឧត្តរមានជ័យ ហើយក៏មានកន្លែងសម្រាប់ជូនដល់ពួកគាត់ឲ្យបម្រើការងារដែលមានរហូតទៅដល់ចំនួន១២០០០កន្លែង បើមិនចង់ត្រឡប់ទៅវិញធ្វើការនៅក្នុងស្រុកគឺមានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×