Monday, June 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន : ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនិងគ្រប់ខេត្តទូទាំងប្រទេស ព្រមទាំងមានការតាំងពិព័រណ៍បង្ហាញស្នាដៃ មុខជំនាញ និងចង្វាក់ផលិតកម្មថ្មីៗអំពីបច្ចេកវិទ្យានាពេលបច្ចុប្បន្នរបស់សិស្ស និស្សិតអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលជាស្នាដៃកូនខ្មែរ ជាប្រយោជន៍ដល់ការស្រាវជ្រាវ និងបម្រើដល់វិស័យនានានៅក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ អ្នកចូលរួមនឹងទទួលបានព័ត៌មានអាហារូបករណ៍សិក្សាបច្ចេកទេសជំនាញទាំងក្នុង និងក្រៅប្រទេស ជាពិសេសព័ត៌មានសិក្សាអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១,៥លាននាក់ អាចចុះឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់ និងអាចដាក់ពាក្យស្វែងរកការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗទៀតផង។ មិនតែប៉ុណ្ណោះ ទិវាជាតិនេះក៏មានការបង្ហាញស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារណជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិនផងដែរ។
ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការពេញចិត្តនិងសាទរជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការជ្រើសរើសប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» សម្រាប់ខួប TVET លើកទី៨នេះ។ ប្រធានបទឆ្នាំនេះមិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវទិដ្ឋភាព និងស្ថានភាពជាក់ស្តែង និងបានចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការសិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុងពេលជាមួយគ្នា ដើម្បីស្វែងរកចំណូល និងចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ជាងនេះទៅទៀត ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ទៅជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្សដែលគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងដៃគូទាំងអស់ ដែលបានរៀបចំទិវាជាតិដ៏មានសារៈប្រយោជន៍នេះឡើង និងការសម្រេចបានសមទ្ធិផលសំខាន់ៗជាច្រើននាឆ្នាំកន្លងទៅ ដូចជា៖ ការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល, ការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពរបស់មជ្ឈមណ្ឌលសាធារណៈ, ការបន្តជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ដល់គ្រឹះស្ថាន TVET, ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧, ការទទួលបានពាន់រង្វាន់កម្រិតអន្តរជាតិរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) ពីប្រទេសសិង្ហបុរី, និងការបោះជំហានទៅមុខនៃ “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស”។

ក្នុងអំឡុង ៤ខែ នៃឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១៦ម៉ឺនកន្លែង។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើនឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤% ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញរបស់កម្ពុជា ការទាក់ទាញការវិនិយោគ និងការបន្តបង្កើត និងបង្កើនទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា ស្របនឹងអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” និងចក្ខុវិស័យនៃ “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស”។

ដើម្បីផ្តល់ធាតុចូលបន្ថែម ជំរុញការអភិវឌ្ឍការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមពន្លឿនការផ្លាស់ប្តូរផ្នត់គំនិតយុវជន និងពលរដ្ឋកម្ពុជាឱ្យងាកមកចាប់អារម្មណ៍ស្រឡាញ់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកាន់តែច្រើនថែមទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឱបនាយករដ្ឋមន្ត្រី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមយកឱកាសនេះអំពាវនាវដល់គ្រប់តួអង្គ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមអនុវត្តខ្លឹមសារអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ដូចមានក្នុងសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រួមមាន៖
(១). ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិតយុវជន មាតាបិតា អាណា ព្យាបាល កម្មករនិយោជិតនិយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់ ទូលំទូលាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។
(២). គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិអាជ្ញាធរដែនដី ចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

(៣). គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ជំរុញបង្កើនសមត្ថភាពគ្រូបច្ចេកទេស កសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា បំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល។
(៤). ដៃគូអភិវឌ្ឍ និងវិស័យឯកជន បន្តជួយគាំទ្រទ្រ ដោយពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផ្ដល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការមុននឹងឈានចូលទីផ្សារការងារ។
(៥). សហគ្រាសគ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រ និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់ឱកាសដល់កម្មករនិយោជិត ឱ្យទទួលបានការបណ្តុះបណ្តាលបង្កើនជំនាញ និងផលិតភាពការងារ។
(៦). មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា ជំរុញកូនចៅ ឬយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនៅជិតលំនៅដ្ឋានដែលខ្លួនកំពុងរស់នៅដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេ៕
សូមជម្រាបជូនថា សាធារណជនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ដោយសេរី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨:០០នាទីដល់ម៉ោង២០:០០នាទី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×