ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដែលមាន វត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។
មុននឹងចាប់ផ្ដើមដំណើរការអង្គប្រជុំ និងអនុលោមតាមបទបញ្ជាផ្ទៃក្នុង សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយព្រះពរសព្ទសាធុការ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ហើយជាមួយនឹងសភាពការណ៍ ចំពោះមុខពាក់ព័ន្ធនឹងស្ថានភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បាន ថ្លែងសារពិសេសតាមរយៈការផ្សាយបន្តផ្ទាល់តាមស្ថាប័នព័ត៌មាននានា ជូនដល់ជនរួមជាតិកម្ពុជា ទាំងអស់ លើបញ្ហាបីសំខាន់ៗដូចខាងក្រោម៖
១.សម្តេចតេជោ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃ ទោះមានលិខិតស្នាម ឬពុំមានលិខិតស្នាមក្តី សូមត្រឡប់មកកម្ពុជាវិញ ក្នុងករណីមានការរើសអើង ឬប្រមាថពីពួកជ្រុលនិយមថៃនៅទីនោះ។ សម្តេចតជោ បានថ្លែងគាំទ្រសាររបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ក្រសួងជំនាញ និងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ផ្តល់ការ សម្របសម្រួល និងសហការនានា ព្រមទាំងផ្តល់មធ្យោបាយដឹកជញ្ជូន ការស្នាក់នៅ ម្ហូបអាហារ ការថែទាំសុខភាពបឋម និងការជួយស្វែងរកការងារក្នុងស្រុក ជូនបងប្អូនពលករខ្មែរដែលត្រឡប់ មកកម្ពុជាវិញ ដោយមិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលយកសំណូមពរ និងរួមគ្នាគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួល និងបន្ថយបន្ទុកពលករខ្មែរដែលជាប់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពេលត្រឡប់មកកម្ពុជាវិញ។
២.ចំពោះការបិទច្រកចេញ-ចូលនានានៅតាមព្រំដែន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ អំពីជំហរយ៉ាងច្បាស់លាស់ថា ភាគីកងទ័ពថៃគឺជាអ្នកបិទព្រំដែនមុន ដោយឯកតោភាគី ហេតុនេះ ខាងកងទ័ពថៃត្រូវតែជាអ្នកបើកមុនវិញដែរ ដែលជាលក្ខខណ្ឌចាំបាច់បំផុតនាពេលនេះ ដើម្បីអាច សម្រួលគ្នាឈានទៅរកប្រក្រតីភាពវិញ ដូចស្ថានភាពនៅមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រសិនបើភាគីថៃប្រកាសបើកព្រំដែនទាំងអស់ឡើងវិញ កម្ពុជានឹងបើកច្រកចេញ-ចូល ជាប្រក្រតីឡើងវិញដែរ ហើយភាគីកម្ពុជាមិនមានភាពចាំបាច់ក្នុងការចូលរួមចរចាក្នុងការបើកព្រំដែនឡើង វិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសេចក្តីថ្លៃថ្នូរ មានកិត្តិយស និងមាន ការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
៣.ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបញ្ហាតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដោយសារ តែភាគីទាំងពីរពុំអាចស្រុះស្រួលគ្នាដោះស្រាយដោយយន្តការទ្វេភាគីបានទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចរចាតាមផ្លូវច្បាប់ និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាពយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ ជៀសវាងនូវការប្រើប្រាស់អាវុធ និងការបាត់បង់អាយុជីវិតមនុស្ស។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងថា បណ្តាប្រទេសនានាលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការជ្រើសរើសការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ តុលាការយុត្តិធម៌អន្តរជាតិ ហើយក្រៅពីចំណុចទាំងបួនខាងលើនេះ កម្ពុជានឹងបន្តដោះស្រាយបញ្ជ ជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ គឺ គាប់ជួនចំថ្ងៃជាប្រវត្តិសាស្ត្រ ខួបទី៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២)។
មុននឹងបញ្ចប់ការថ្លែងសារពិសេស សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ ឡើងវិញថា សម្តេចមិនដែលមានបំណងបញ្ឆេះឱ្យមានបញ្ហាជាតិនិយមនោះទេកន្លងមក និងបាន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមកុំធ្វើអំពើជ្រុលនិយម រើសអើង និងប្រកាន់ពូជសាសន៍ ចំពោះ ជនជាតិថៃ ដែលភាគច្រើនជាមនុស្សល្អ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





